គ្រឹះស្ថានឯកជនមិនគិតថ្លៃសិក្សា The Primary School ដែលបង្កើតឡើងដោយលោកស្រី Priscilla Chan ភរិយារបស់មហាសេដ្ឋី Mark Zuckerberg បានប្រកាសបិទទ្វារ បន្ទាប់ពីបើកដំណើរការរយៈពេលជិត ១០ឆ្នាំ។


សាលារៀនឯកជនមួយនេះ បានប្រកាសលើគេហទំព័រផ្លូវការរបស់ខ្លួនថា ពួកគេនឹងបិទទ្វារសាលានៅចុងឆ្នាំសិក្សា ២០២៥-២០២៦។ សាលារៀនមួយនេះមាន ២សាខានៅទីក្រុង San Francisco និងមានសិស្សសរុបចំនួន ៥៤៣នាក់។
«នេះគឺជាការសម្រេចចិត្តដ៏ពិបាកបំផុត ហើយពួកយើងនឹងប្ដេជ្ញាចិត្តជួយសម្រួលដល់ការផ្ទេរសាលា របស់សិស្សទាំងអស់ និងជួយសម្រាលបន្ទុកមួយចំនួនរបស់គ្រួសារសិស្ស ឲ្យចប់សព្វគ្រប់ត្រឹមឆ្នាំក្រោយ»។ នេះបើតាមការអះអាងរបស់សាលារៀន The Primary School។
ការប្រកាសបិទសាលារៀននេះ កើតឡើងចំពេលក្រុមហ៊ុនរបស់មនុស្សកំពូលលុយ Mark Zuckerberg កំពុងធ្វើការផ្លាស់ប្ដូរគោលនយោបាយមួយចំនួនធំ ដោយលុបបំបាត់កម្មវិធីត្រួតពិនិត្យការពិតរបស់សហរដ្ឋអាមេរិក បន្ធូរបន្ថយបទប្បញ្ញត្តិនៃការបញ្ចេញមតិមិនល្អ និងកាត់បន្ថយគំនិតផ្តួចផ្តើមនៃភាពចម្រុះ សមធម៌ និងការដាក់បញ្ចូល។

ទោះជាបិទទ្វារសាលាមែន ប៉ុន្តែប្ដីប្រពន្ធមហាសេដ្ឋីមួយគូនេះនៅតែបន្តជួយសហគមន៍ East Palo Alto, Belle Haven និង East Bay តាមរយៈការផ្ដល់ជំនួយ ៥០លានដុល្លារ តាមរយៈមូលនិធិ CZI ក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខដដែល។
ទឹកប្រាក់ទាំងនោះ នឹងត្រូវយកមករៀបចំផែនការសន្សំការអប់រំចំនួន ៥២៩គម្រោងសម្រាប់សិស្ស ផ្តល់អ្នកឯកទេសផ្នែកអន្តរកាល និងផ្តល់ការគាំទ្រផ្សេងទៀត សម្រាប់គ្រួសារសិស្សក្នុងការផ្លាស់ប្តូរទៅសាលារៀនថ្មី៕
អត្ថបទ៖ Luffy រូបភាព៖ Yahoo