វៀតណាមចាប់ផ្ដើមបង្ក្រាបការនាំចេញទំនិញខុសច្បាប់ ទៅកាន់ទីផ្សារអាមេរិក

ក្រសួងពាណិជ្ជកម្មវៀតណាម បានចេញបញ្ជាដោយផ្ទាល់ចំពោះការអនុវត្តការបង្ក្រាបការនាំចេញទំនិញខុសច្បាប់ ទៅកាន់ទីផ្សារអាមេរិក ដើម្បីជាស្ពានចរចាជាមួយទីក្រុងវ៉ាស៊ីងតោន អំពីបញ្ហាពន្ធគយ។

តាមដានជាមួយយើង៖ Million Times

សារព័ត៌មាន Reuters បានរាយការណ៍ថា ដើម្បីអាចបើកផ្លូវចំពោះកិច្ចចរចាពន្ធគយរវាងវៀតណាម និងអាមេរិកបាន ក្រសួងពាណិជ្ជកម្មវៀតណាម ត្រូវតែពិនិត្យឲ្យបានល្អិតល្អន់ ចំពោះការនាំចេញទំនិញខុសច្បាប់ទៅទីផ្សារមហាអំណាចលោកខាងលិច ខណៈបច្ចុប្បន្នវៀតណាមអះអាងថា ការក្លែងបន្លំប្រភពដើមនៃទំនិញនាំចេញទៅអាមេរិក កំពុងរីកដូចផ្សិតនៅវៀតណាម។

បើទោះជាវៀតណាមមិនបានបង្ហើបឈ្មោះប្រទេស ដែលជាប្រភពនៃទំនិញខុសច្បាប់ទាំងនេះ ប៉ុន្តែរបាយការណ៍បង្ហាញថា វៀតណាមនាំចូលទំនិញជិត ៤០% ពីប្រទេសចិន ស្របពេលកន្លងមកអាមេរិកចោទទីក្រុងប៉េកាំងថា បានប្រើប្រាស់មជ្ឈមណ្ឌលពាណិជ្ជកម្មតំបន់អាស៊ាន ជាមធ្យោបាយគេចវែសការបង់ពន្ធទំនិញ ចូលក្នុងទីផ្សារអាមេរិក។

ទីក្រុងវ៉ាស៊ីងតោនអះអាងថា ដើម្បីគេចវែសការបង់ពន្ធ ទំនិញចិនជាច្រើនត្រូវបាននាំចូលក្នុងប្រទេសវៀតណាម និងផ្លាស់ប្ដូរប្រភពទំនិញពីចិន ទៅជាប្រទេសវៀតណាម មុននាំចេញទៅកាន់ទីផ្សារអាមេរិក។

ទាក់ទងនឹងបញ្ហាមួយនេះ វៀតណាមមិនបានចេញមុខទទួលស្គាល់ឡើយ ប៉ុន្តែពួកគេអះអាងថា នឹងព្យាយាមបង្ក្រាបការនាំចេញទំនិញខុសច្បាប់ ទៅអាមេរិក ដើម្បីអាចចរចាបញ្ហាពន្ធគយ ជាមួយរដ្ឋបាលប្រធានាធិបតី Donald Trump ក្រោយសេតវិមានទុកពេលរហូតដល់ខែកក្កដា បើមិនដូច្នោះ វៀតណាមត្រូវបង់ពន្ធទំនិញបន្ថែមដល់ ៤៦% សម្រាប់ការនាំចេញទៅទីផ្សារអាមេរិក៕

អត្ថបទ៖ Luffy រូបភាព៖ CNBC