របាយការណ៍ប្រាក់ចំណេញប្រចាំត្រីមាសទីមួយ របស់ក្រុមហ៊ុន Tesla ត្រូវបានបញ្ចេញ ដោយវាមានចំនួនតិចជាងឆ្នាំទៅ រហូតដល់ ៧១% ឯណោះ ដែលធ្វើឲ្យក្រុមម្ចាស់ភាគហ៊ុន រិះគន់ជាខ្លាំងចំពោះលោក Elon Musk ដែលជាក្បាលម៉ាស៊ីនរបស់ក្រុមហ៊ុន។


ទាក់ទងនឹងបញ្ហានេះ មហាសេដ្ឋីមានបំផុតលើលោករូបនេះបានអះអាងថា លោកនឹងងាកមកផ្ដោតសំខាន់លើការរកស៊ីវិញ និងប្រលែងការងារមួយចំនួននៅសេតវិមាន ឲ្យក្រុមការងារផ្សេងចាត់ចែង ដ្បិតប៉ុន្មានខែចុងក្រោយ ក្រុមហ៊ុន Tesla របស់លោក ហាក់ជួបផលលំបាកជាខ្លាំងក្នុងការធ្វើអាជីវកម្ម។ នេះបើតាមការចុះផ្សាយពីទីភ្នាក់ងារព័ត៌មាន AP។
លោក Musk បាននិយាយថា បច្ចុប្បន្នរចនាសម្ព័ន្ធការងាររបស់នាយកដ្ឋានប្រសិទ្ធភាពការងាររដ្ឋាភិបាល DOGE បានរៀបចំរួចរាល់ហើយ ដូច្នេះលោកនឹងមានពេលវេលាគ្រប់គ្រាន់ ក្នុងការគ្រប់គ្រងអាជីវកម្មវិញ។
មនុស្សកំពូលលុយរូបនេះបញ្ជាក់ទៀតថា លោកនឹងចូលមកកាន់កាប់អាជីវកម្មពេញដៃពេញជើងវិញ ចាប់ពីខែឧសភាតទៅ ហើយការងារនៅសេតវិមាន លោកនឹងត្រួតពិនិត្យតិចតួចបំផុត ពោលធ្វើការជាមួយរដ្ឋាភិបាលតែមួយ ឬ ពីរថ្ងៃប៉ុណ្ណោះក្នុងមួយសប្ដាហ៍។

សូមជម្រាបដែរថា ចាប់តាំងពីមហាសេដ្ឋី Elon Musk ប្រឡូកក្នុងឆាកនយោបាយ លោកទទួលរងការរិះគន់យ៉ាងខ្លាំង ពីប្រជាពលរដ្ឋ និងម្ចាស់ភាគហ៊ុន Tesla មួយចំនួន ដោយសារការណ៍នេះ បានជះឥទ្ធិពលខ្លាំង ដល់ការធ្វើជំនួញរបស់ក្រុមហ៊ុន Tesla ហើយជាលទ្ធផលប្រាក់ចំណូលរបស់ក្រុមហ៊ុន បានដាំក្បាលចុះប៉ុន្មានខែចុងក្រោយនេះ៕
អត្ថបទ៖ Luffy រូបភាព៖ NBC