តម្លៃអង្ករនៅប្រទេសជប៉ុនកាលពីខែមុន មានការឡើងថ្លៃខ្ពស់ខ្លាំងរហូតដល់ជិតទ្វេដង បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំទៅ ដែលបានធ្វើឲ្យហានិភ័យនៃវិបត្តិអតិផរណាក្នុងប្រទេស កាន់តែមានកំណើនខ្លាំងឡើង។


សារព័ត៌មាន VNExpress ចុះផ្សាយថា ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ ទីផ្សារអង្ករនៅជប៉ុនមានការឡើងថ្លៃជាបន្តបន្ទាប់ ដែលតម្រូវឲ្យរដ្ឋាភិបាលត្រូវបង្ខំចិត្ត បញ្ចេញអង្ករស្តុកទុកក្នុងឃ្លាំង ដើម្បីចែកចាយលើទីផ្សារ ដើម្បីសម្រួលដល់ការចាយវាយរបស់ប្រជាជន។
កាលពីខែមុន រដ្ឋាភិបាលបានចាប់ផ្ដើមបើកការដេញថ្លៃអង្ករជាលើកដំបូង តាំងពីឆ្នាំ១៩៩៥ ហើយបានបញ្ចេញអង្ករចំនួន ២១០ ០០០តោន ខណៈនៅក្នុងខែនេះ មានគម្រោងបញ្ចេញបន្ថែម ១០០ ០០០តោនទៀត។
បច្ចុប្បន្នតម្លៃអង្ករនៅជប៉ុន បានឡើងថ្លៃរហូតដល់ ៩២,៥% ដែលធ្វើឲ្យធនាគារកណ្ដាលជប៉ុនព្យាករថា អត្រានៃការកើតមានវិបត្តិអតិផរណាមានខ្ពស់ខ្លាំង ដ្បិតបច្ចុប្បន្នពួកគេក៏កំពុងរងគំនាបពន្ធគយ ពីសហរដ្ឋអាមេរិក ក្រោមវិធានការទារពន្ធសងសឹកយ៉ាងដំណំ របស់ប្រធានាធិបតី Donald Trump ផងដែរ៕
អត្ថបទ៖ Luffy រូបភាព៖ Kyodo