Havard អំពាវនាវសុំជំនួយពីអតីតសិស្សជាមហាសេដ្ឋី ក្រោយ Trump បង្កកកញ្ចប់ថវិកាជាង ២ពាន់លានដុល្លារ

បន្ទាប់ពីរដ្ឋបាលប្រធានាធិបតីអាមេរិក Donald Trump ប្រកាសផ្អាកការផ្គត់ផ្គង់ជំនួយប្រហែល ២,២៦ពាន់លានដុល្លារ សកលវិទ្យាល័យ Harvard បានអំពាវនាវសុំឲ្យអតីតសិស្ស ដែលបច្ចុប្បន្នមានទ្រព្យសម្បត្តិស្ដុកស្ដម្ភ ចេញមកជួយបន្តជំនួយសម្រាប់ខ្លួន។

តាមដានជាមួយយើង៖ Million Times

សារព័ត៌មាន Daily Beast បានរាយការណ៍ថា ការបង្កកជំនួយពីលោក Trump កើតឡើងកាលពីថ្ងៃទី១៤ ខែមេសា បន្ទាប់ពីសកលវិទ្យាល័យ Harvard បរាជ័យក្នុងការរារាំង ការធ្វើបាតុកម្មនៅក្នុងសាលា។

នាយកសាលាលោក Alan Garber បានដាក់សំណើសុំឲ្យអតីតសិស្ស ដែលជាមហាសេដ្ឋីដូចជា John Paulson អតីតអភិបាលក្រុង New York លោក Michael Bloomberg ជាដើម ឲ្យជួយបំពេញចន្លោះប្រហោង ចំពោះស្ថានភាពហិរញ្ញវត្ថុនាពេលនេះ ដែលបានបង្កឡើងដោយរដ្ឋបាលលោក Trump។

សកលវិទ្យាល័យ Harvard អះអាងថា ការបង្កកជំនួយរបស់រដ្ឋបាលលោក Trump នឹងធ្វើឲ្យប៉ះពាល់ជាខ្លាំង ដល់អនាគតនិស្សិតរាប់ម៉ឺននាក់ ដ្បិតក្នុងមួយឆ្នាំៗ Harvard តែងយកមូលនិធិទាំងនេះ ដើម្បីផ្ដល់ជាអាហារូបករណ៍ចំពោះនិស្សិតក្រីក្រទូទាំងពិភពលោក៕

អត្ថបទ៖ Luffy រូបភាព៖ Reuters