មុនដំណើរទស្សនកិច្ចផ្លូវរដ្ឋមកកាន់កម្ពុជា ប្រធានាធិបតីចិន Xi Jinping បានផ្ញើសារលិខិតបញ្ជាក់ជំហរខិតខំប្រឹងប្រែងរួមគ្នា សម្រេចបានជោគជ័យជាមួយគ្នា ឆ្ពោះទៅកាន់សហគមន៍វាសនារួមចិន-កម្ពុជា ក្នុងយុគសម័យថ្មីប្រកបដោយស្ថិរភាពនិងចីរភាព។
តាមរយៈសារលិខិតជាច្រើនសន្លឹកនៅយប់ឈានចូលថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥ លោក Xi Jinping ថា លោករីករាយណាស់មកផ្ទះមិត្តល្អក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ និងថានេះជាដំណើរទស្សនកិច្ចនៅកម្ពុជាម្ដងទៀតសម្រាប់លោកក្នុងរយៈពេល៩ឆ្នាំចុងក្រោយនេះ ដោយសង្ឃឹមថា ដំណើរទស្សនកិច្ចនេះនឹងជំរុញឱ្យការកសាងសហគមន៍វាសនារួមចិន-កម្ពុជាទទួលបានការរីកចម្រើនកាន់តែធំធេង។


លោកបញ្ជាក់ថា សហគមន៍វាសនារួមចិន-កម្ពុជាចាក់ឬសគល់យ៉ាងស៊ីជម្រៅនៅក្នុងប្រវត្តិសាស្ត្រនៃភាពជាអ្នកជិតខាងរាប់អានគ្នា។ ប្រទេសចិន និងកម្ពុជាមានភូមិសាស្ត្រជិតគ្នា ហើយទំនាក់ទំនងមិត្តភាពប្រទេសទាំងពីរមានប្រវត្តិសាស្ត្រជិត២០០០ឆ្នាំ។
លើសពីនេះ ចំពោះមុខស្ថានការណ៍ដ៏ស្មុគស្មាញក្នុងតំបន់ និងអន្តរជាតិ ប្រធានាធិបតីចិនថា ភាគីទាំងពីរបានគាំទ្រផលប្រយោជន៍ស្នូលពីគ្នាទៅវិញទៅមក រួមដៃគាំពារសមធម៌ និងយុត្តិធម៌អន្តរជាតិ ហើយបានបង្កើតមិត្តភាពដែកថែបចិន-កម្ពុជា។
លោកបន្ថែមទៀតថា ប្រទេសចិនជាដៃគូពាណិជ្ជកម្ម និងប្រភពទុនវិនិយោគធំបំផុតរបស់កម្ពុជាជាយូរឆ្នាំ ភាគីទាំងពីរបានជំរុញឱ្យកាន់តែស៊ីជម្រៅនូវ កិច្ចសហប្រតិបត្តិការលើវិស័យខ្សែច្រវាក់ផលិតកម្ម និងខ្សែច្រវាក់ផ្គត់ផ្គង់បន្តបន្ទាប់។ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីចិន-កម្ពុជា បានផ្ដល់អំណោយផលដល់ការនាំចេញកសិផលកម្ពុជាដែលមានគុណភាពខ្ពស់ទៅកាន់ប្រទេសចិន ធ្វើឲ្យផ្លែចេក ស្វាយ មៀនកម្ពុជា អាចចូលក្នុងគ្រួសាររាប់ពាន់រាប់ម៉ឺននៃប្រទេសចិន។ តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ដែលសហការអភិវឌ្ឍដោយចិននិងកម្ពុជា បានទាក់ទាញក្រុមហ៊ុនអន្តរជាតិជាង ២០០ក្រុមហ៊ុនចូលបង្កើតរោងចក្រ ដែលបានរួមចំណែកក្នុងការទំនើបកម្មឧស្សាហកម្មកម្ពុជា។
លោក Xi ក៏ក៏ភ្លេចរំលឹករឿងគម្រោងហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា ដែលគាំទ្រសាងសង់ដោយភាគីចិន បាននាំមកនូវផលប្រយោជន៍ជាក់ស្ដែងដល់ប្រជាជនកម្ពុជា ព្រមទាំងផ្ដល់ការគាំទ្រយ៉ាងខ្លាំងដល់ការអភិវឌ្ឍន៍យូអង្វែងរបស់កម្ពុជា។ លោកបន្ថែមទៀតថា អ្នកជំនាញចិនបានទស្សនាគ្រប់ខេត្ត-ក្រុងក្នុងប្រទេសកម្ពុជា ដើម្បីជួយរៀបចំផែនការមេអភិវឌ្ឍន៍ទំនើបកម្មវិស័យឧស្សាហកម្មកសិកម្ម។ កិច្ចសហប្រតិបត្តិការត្បូងពេជ្រ ដែលមានវិស័យអទិភាព៦ ចិន-កម្ពុជា បានរួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍន៍កម្ពុជា៕
អត្ថបទ៖ សាងតេជៈ រូបភាព៖ ក្រុមព័ត៌មានសម្តេចធិបតី