ច្រើនទសវត្សរ៍មកនេះ ចិនជួយសាងសង់ផ្លូវជាង ៤ពាន់គីឡូម៉ែត្រ និងស្ពានចំនួន ១០កន្លែងឲ្យកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា បានគូសបញ្ជាក់ថា ចិនជាមិត្តមួយមិនអាចខ្វះបានសម្រាប់កម្ពុជា ក្នុងការជួយកសាងហេដ្ឋារចនាសម្ព័ន្ធ និងជំនួយជាច្រើន។ ជាក់ស្តែងរាប់ទសវត្សរ៍មកនេះ ចិនបានជួយសាងសង់ផ្លូវជាង ៤ពាន់គីឡូម៉ែត្រ និងស្ពានចំនួន ១០កន្លែងឲ្យប្រទេសកម្ពុជា។ 

ក្នុងពិធីសម្ពោធផ្លូវជាតិលេខ៧១C មានប្រវែងសរុប ប្រមាណ១១៥គីឡូម៉ែត្រ ក្រោមហិរញ្ញប្បទានសម្បទាន ពីរដ្ឋាភិបាលចិន នៅព្រឹកថ្ងៃទី១២ ខែមេសានេះសម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី បានអះអាងថា ប្រទេសចិន គឺជាមិត្តដ៏សំខាន់មួយ មិនអាចខ្វះបានរបស់កម្ពុជា ដែលបានជួយគាំទ្រដល់ការអភិវឌ្ឍរីកចម្រើន ទាំងសេដ្ឋកិច្ច ទាំងសង្គមនៅទូទាំងប្រទេសកម្ពុជា។

តាមដានជាមួយយើង៖ Million Times

សម្ដេច ហ៊ុន ម៉ាណែត មានប្រសាសន៍ថា៖ «សាធារណរដ្ឋប្រជាមានិតចិន គឺជាមិត្តដ៏សំខាន់មួយ មិនអាចខ្វះបានរបស់កម្ពុជា ដែលបានជួយគាំទ្រដល់ការអភិវឌ្ឍរីកចម្រើន ទាំងសេដ្ឋកិច្ច ទាំងសង្គមនៅទូទាំងប្រទេស។ ហើយក្នុងនោះ មិត្តចិនក៏ត្រូវបានទទួលស្គាល់ជាប្រទេសដៃគូលំដាប់ទី១ ដែលបាននិងកំពុងផ្តល់ហិរញ្ញប្បទានសម្បទាន និងជំនួយឥតសំណងជាច្រើន និងជាបន្តបន្ទាប់ ដើម្បីរួមចំណែកដល់ការអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធផ្លូវ-ស្ពាននៅកម្ពុជា»។

សម្តេចបញ្ជាក់ថា គិតមកដល់បច្ចុប្បន្ននេះ គឺមានទឹកប្រាក់សរុបប្រមាណជាង៣ពាន់លានដុល្លារអាម៉េរិក សម្រាប់គាំទ្រដល់ការលើកកម្ពស់គុណភាពផ្លូវថ្នល់ និងការតភ្ជាប់ដែល មានភាពប្រទាក់ក្រឡាពេញផ្ទៃក្នុងប្រទេស និងក្នុងតំបន់។

លោក Wang Wenbin ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានឲ្យដឹងថា ក្នុង​រយៈពេល​ប៉ុន្មាន​ទសវត្សរ៍​កន្លង​មក​នេះ ចិន​បាន​ជួយ​កម្ពុជា​សាងសង់​ផ្លូវ​ប្រវែង​ជាង​៤.០០០​គីឡូម៉ែត្រ និង​ស្ពាន​ជាង​១០​កន្លែង។ លោកបន្តថា ផ្លូវថ្នល់ និងស្ពានឆ្លងកាត់ទន្លេមេគង្គ និងទន្លេសាប ដែលមានទំនាក់ទំនងល្អ មិនត្រឹមតែជួយសម្រួលដល់ការរស់នៅរបស់ប្រជាជនកម្ពុជាប៉ុណ្ណោះទេ ថែមទាំងបានចាក់បញ្ចូលនូវកម្លាំងរុញច្រានដ៏ខ្លាំងក្លាដល់ការអភិវឌ្ឍរបស់កម្ពុជា។

លោកទូតចិនថ្លែងថា៖ «នេះឧទាហរណ៍ដ៏រស់រវើកនៃការតភ្ជាប់រវាងគំនិតផ្តួចផ្តើម “ខ្សែក្រវ៉ាត់ និងផ្លូវ” និង “យុទ្ធសាស្ត្រ បញ្ចកោណ” ហើយជាស្ពាននៃកិច្ចសហប្រតិបត្តិការ និងជាផ្លូវនៃឱកាស»

អត្ថបទ៖ សាងតេជៈ រូបភាព៖ រូបក្រុមព័ត៌មានសម្តេចធិបតី