កាលពីថ្ងៃសុក្រ ទី១១ ខែមេសា ប្រធានាធិបតីរុស្ស៊ី Vladimir Putin បានប្រកាសពីផែនការចាយប្រាក់ប្រហែល ៩៧ពាន់លានដុល្លារ ដើម្បីពង្រឹងសមត្ថភាពកងទ័ពជើងទឹករបស់ខ្លួន ឲ្យកាន់តែខ្លាំងពូកែមួយកម្រិតថែមទៀត។


តាមរយៈការចុះផ្សាយពីគេហទំព័រ DPA បានឲ្យដឹងថា លោក Putin នឹងបញ្ជាទិញអាវុធ ក៏ដូចជានាវាចម្បាំងថ្មីៗ ដើម្បីការពារសុវត្ថិភាពដែនទឹករបស់ខ្លួន បន្ទាប់ពីអះអាងថា មហាអំណាចផ្សេងៗកំពុងសំងំពង្រឹងកម្លាំងទ័ព ដូចជាការផលិតដ្រូន និងមនុស្សយន្តជាដើម។
ថ្លែងនៅក្នុងកិច្ចប្រជុំស្ដីពីវឌ្ឍនភាពនៃកងទ័ពជើងទឹកក្នុងទីក្រុង St. Petersburg មេដឹកនាំរុស្ស៊ីបាននិយាយថា «ក្នុងរយៈពេលមួយទសវត្សទៀត យើងនឹងចំណាយប្រាក់ ៨,៤ទ្រីលានរូបល ដើម្បីបំពាក់សព្វាវុធទំនើបៗ និងសង់នាវាចម្បាំងជាច្រើន សម្រាប់កងទ័ពជើងទឹករបស់យើង»។
លោក Putin បានសរសើរនូវការអភិវឌ្ឍនៃកងទ័ពជើងទឹករបស់ខ្លួន ដោយអះអាងថា រយៈពេល ៥ឆ្នាំមកនេះ កងទ័ពជើងទឹករុស្ស៊ីមានការវិវត្តន៍ខ្លួនយ៉ាងប្រសើរ ដោយបានផលិតនាវាចម្បាំងច្រើនប្រភេទ ប្រហែល ៤៩គ្រឿងនៅក្នុងប្រទេសស្រាប់តែម្ដង៕
អត្ថបទ៖ Luffy រូបភាព៖ NBC