ការស្រាវជ្រាវថ្មីមួយពីមជ្ឈមណ្ឌល Automotive Research បានបង្ហាញថា ពន្ធរថយន្ត ២៥% របស់ប្រធានាធិបតី Donald Trump ដែលបានដាក់ចេញកាលពីដើមខែមេសា នឹងធ្វើឲ្យក្រុមហ៊ុនផលិតរថយន្តអាមេរិកខាតបង់ទឹកប្រាក់ ១០៨ពាន់លានដុល្លារក្នុងឆ្នាំ២០២៥។


របាយការណ៍ខាងលើបានបង្ហាញទៀតថា ក្រុមហ៊ុនធំៗដូចជា Ford Motor, General Motors និង Stellantis នឹងខាតបង់ច្រើនជាងគេ សរុបរហូតដល់ ៤២ពាន់លានដុល្លារ ដោយសារគ្រឿងបង្គុំរថយន្ត ដែលនាំចូលពីបរទេសឡើងថ្លៃ ព្រោះតែពន្ធគយរបស់លោក Trump។
គួររំលឹកបន្តិចថា ក្រុមហ៊ុនផលិតរថយន្តធំៗនៅអាមេរិក សុទ្ធសឹងតែនាំចូលគ្រឿងបង្គុំរថយន្តពីបរទេស ហើយជួនកាលនាំចូលរថយន្តទាំងមូល មកលក់លើទីផ្សារអាមេរិកស្រាប់តែម្ដង។
ដូច្នេះហើយ ពន្ធនាំចូលរថយន្ត និងគ្រឿងបង្គុំរថយន្ត ២៥% បន្ថែម ដែលលោក Donald Trump បានប្រកាសកាលពីដើមខែមេសា នឹងធ្វើឲ្យក្រុមហ៊ុនរថយន្តនៅអាមេរិកជាច្រើន ទទួលរងផលប៉ះពាល់ជាខ្លាំង៕
អត្ថបទ៖ Luffy រូបភាព៖ NewsNation