លទ្ធផលវិជ្ជមានដែលកម្ពុជាទទួលបានហើយ ដោយពេលនេះរដ្ឋបាលលោកប្រធានាធិបតី Donald Trump បានប្រកាសបញ្ចុះអត្រាពន្ធគយបដិការ (Reciprocal Tariffs) របស់កម្ពុជា ពីអត្រា ៤៩% មកនៅត្រឹម ១០% ក្នុងរយៈពេល ៩០ថ្ងៃ។


ក្រោមការដឹកនាំផ្ទាល់របស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បន្ទាប់ពីការប្រកាស អត្រាពន្ធគយបដិការ (Reciprocal Tariffs) ដែលប្រធានាធិបតី Donald Trump បានកំណត់កាលពីថ្ងៃ២ ខែមេសា ឆ្នាំ២០២៥ (ម៉ោងនៅសហរដ្ឋអាមេរិក) កន្លងទៅតាមរយៈការបង្កើនអត្រាពន្ធគយបដិការលើបណ្ដាប្រទេសជាច្រើន ក្នុងនោះកម្ពុជាមានរហូតដល់ ៤៩%។
នាយករដ្ឋមន្ត្រីកម្ពុជា បានសិក្សាវាយតម្លៃ និងរៀបចំនីតិវិធី ព្រមទាំងយន្តការផ្សេងៗ ជាបន្ទាន់ក្នុងគោលដៅធ្វើការចរចាផ្ទាល់ជាមួយនឹងរដ្ឋាភិបាលសហរដ្ឋអាមេរិក ដើម្បីទម្លាក់ចំនួនអត្រាពន្ធវិញ។

សម្ដេច ហ៊ុន ម៉ាណែត បានផ្ញើលិខិតជូនដល់ប្រធានាធិបតី Donald Trump កាលពីថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៥ ដោយគូសបញ្ជាក់ពីការប្ដេជ្ញាចិត្តចរចាបញ្ហាពន្ធគយបដិការរបស់កម្ពុជា និងធ្វើការបន្ថយអត្រាពន្ធលើក្រុមមុខទំនិញនាំចូលពីអាម៉េរិក ១៩ ក្រុមមុខទំនិញ ពីអត្រា ៣៥% មកនៅត្រឹម ៥%។
ជាលទ្ធផលវិជ្ជមាន ឆ្លើយតបនឹងសំណើសុំបើកការចរចាស្វែងរកដំណោះស្រាយរួមគ្នារបស់រាជរដ្ឋាភិបាលកម្ពុជា ខាងសេតវិមាន បានចុះផ្សាយព័ត៌មានអំពីអត្រាពន្ធគយបដិការថ្មី កាលពីថ្ងៃទី៩ ខែមេសា ឆ្នាំ ២០២៥ (ម៉ោងនៅអាមេរិក) គឺបានបញ្ចុះអត្រាពន្ធគយបដិការ (Reciprocal Tariffs) របស់កម្ពុជា ពីអត្រា ៤៩% មកនៅត្រឹម ១០% ក្នុងរយៈពេល ៩០ថ្ងៃ។

បន្ថែមពីនេះ នាយករដ្ឋមន្ត្រី បានប្រគល់ភារកិច្ចដល់ក្រុមការងារអន្តរក្រសួង-ស្ថាប័នចំពោះកិច្ច ដឹកនាំដោយលោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក៏នឹងធ្វើការចរចាផ្ទាល់ជាមួយភាគីអាមេរិកនាពេលឆាប់ៗខាងមុខនេះផងដែរ៕
អត្ថបទ៖មេរ៉ា, រូបភាព,STPM