ស្ថានភាពសង្គ្រាមពាណិជ្ជកម្មរវាងមហាអំណាចយក្សអាមេរិក និងចិន កំពុងឡើងកម្ដៅកាន់តែខ្លាំង បន្ទាប់ពីសហរដ្ឋអាមេរិកប្រកាសបន្ថែមពន្ធគយពីចិន ១២៥% ស្របពេលមហាអំណាចអាស៊ី ប្រកាសទារពន្ធសងសឹក ៨៤% ចំពោះទំនិញនាំចូលពីអាមេរិក និងអនុវត្តវិធានការនេះភ្លាមៗ។


សារព័ត៌មាន The Guardian បានចុះផ្សាយថា សង្គ្រាមពន្ធគយរវាងមហាអំណាចសេដ្ឋកិច្ចពិភពលោកទាំង២ ទំនងមិនងាយស្រាកស្រាន្តឡើយ ដោយភាគីទាំងសងខាងប្រកាន់ជំហរយ៉ាងរឹងមាំ មិនដកថយរៀងៗខ្លួន។
រដ្ឋាភិបាលក្រុងប៉េកាំងសង្កត់ធ្ងន់ថា ពួកគេនឹងតស៊ូរហូតដល់ទីបញ្ចប់ជាមួយអាមេរិក បើសិនចង់បង្កសង្គ្រាមពាណិជ្ជកម្ម ដើម្បីការងារផលប្រយោជន៍ និងសិទ្ធរបស់ខ្លួន ស្របពេលអាមេរិកអះអាងថា រង់ចាំមកចរចាបញ្ហាពន្ធគយជាមុន។
បច្ចុប្បន្ននេះ ដើម្បីកាត់បន្ថយផលប៉ះពាល់ពីសង្គ្រាមពាណិជ្ជកម្មជាមួយអាមេរិក ចិនកំពុងស្វែងរកដៃគូនៅប្រទេសដទៃ ដើម្បីបង្កើនការធ្វើពាណិជ្ជកម្ម ក៏ដូចជាជំរុញការនាំចេញឲ្យកាន់តែច្រើន កាត់បន្ថយការពឹងផ្អែកលើទីផ្សារអាមេរិក៕
អត្ថបទ៖ Luffy រូបភាព៖ The Star