ប្រធានាធិបតីអាមេរិក Donald Trump បានចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិមួយ ក្នុងគោលបំណងជំរុញ និងលើកកម្ពស់ការផលិតកប៉ាល់នៅអាមេរិកឡើងវិញ ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន ក្នុងវិស័យដឹកជញ្ជូនផ្លូវទឹក។


ទីភ្នាក់ងារព័ត៌មាន Reuters បានចុះផ្សាយថា រយៈពេលប៉ុន្មានឆ្នាំចុងក្រោយ ចិនបានក្លាយជាស្ដេចត្រាញ់ក្នុងវិស័យដឹកជញ្ជូនផ្លូវទឹក ខណៈអាមេរិកហាក់មិនទាន់ត្រៀមខ្លួនរួចរាល់សោះ ក្នុងការប្រជែងជាមួយចិនក្នុងវិស័យមួយនេះ។
សមាជិកសភាអាមេរិកជាច្រើនបានបង្ហាញសុទិដ្ឋិនិយម និងអះអាងថា វិនិយោគិនដែលមានបំណងរកស៊ី ក្នុងវិស័យផលិតនាវាដឹកជញ្ជូននៅអាមេរិក នឹងទទួលបានអត្ថប្រយោជន៍ជាច្រើន ដោយរួមមានការលើកលែងពន្ធមួយចំនួន និងការពន្លឿនការអនុញ្ញាតពីសភា ដើម្បីជំរុញឲ្យវិស័យមួយនេះមានភាពរស់រវើកឡើងវិញ។

គួររំលឹកបន្តិចថា វិស័យផលិតកប៉ាល់នៅអាមេរិក ជួបភាពរាំងស្ទះខ្លាំងរយៈពេលជិត ៥០ឆ្នាំចុងក្រោយ ដោយសារថ្លៃដើមផលិតខ្ពស់ និងរចនាសម្ព័ន្ធបទប្បញ្ញត្តិដ៏ស្មុគស្មាញ ពោលទិន្នន័យបញ្ចេញដោយអាមេរិកបង្ហាញថា បច្ចុប្បន្ននាវាដឹកទំនិញទូទាំងសកលលោក មានចំនួនតិចជាង ១% ប៉ុណ្ណោះដែលផលិតនៅអាមេរិក ខណៈចិនរួមចំណែកច្រើនជាង ៥០% ឯណោះ៕
អត្ថបទ៖ Luffy រូបភាព៖ CNN