ទើបជួបបញ្ហាគ្រោះរញ្ជួញដី តែថៃរំពឹងកើបចំណូលជិត ៤ពាន់លានដុល្លារ ពីព្រឹត្តិការណ៍សង្ក្រាន្ត

ប្រទេសថៃ ដែលទើបរងគ្រោះដោយសារការរញ្ជួញដីកម្រិតធ្ងន់កាលពី ២សប្ដាហ៍មុន នៅតែបន្តដាក់ក្ដីសង្ឃឹមខ្ពស់ថា ពួកគេនឹងអាចកើបប្រាក់ចំណូលរហូតដល់ ១៣៤ពាន់លានបាត ឬប្រហែល ៣,៨ពាន់លានដុល្លារ ពីព្រឹត្តិការណសង្ក្រាន្តប្រចាំឆ្នាំដដែល។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VNA។

តាមដានជាមួយយើង៖ Million Times

អ្នកនាំពាក្យរងរដ្ឋាភិបាល Anukul Prueksanusak បាននិយាយថា របាយការណ៍ស្រង់មតិពីសាកលវិទ្យាល័យសភាពាណិជ្ជកម្មថៃ បានបង្ហាញថា ភ្ញៀវទេសចរណ៍បរទេស នឹងចំណាយប្រាក់ច្រើនជាងឆ្នាំទៅរហូតដល់ ៤,៥% អំឡុងពេលចូលរួមព្រឹត្តិការណ៍សង្ក្រាន្តនៅប្រទេសថៃ។

លោក Anukul អះអាងទៀតថា បើទោះជាថៃទើបរងគ្រោះរញ្ជួញដីមែន ប៉ុន្តែហេតុការណ៍នេះមិនបានធ្វើឲ្យវិស័យទេសចរណ៍ ធ្លាក់ចុះឡើយ ពោលការស្ទង់មតិបង្ហាញថា ភ្ញៀវបរទេស ៧១,៧% នឹងនៅបន្តផែនការកម្សាន្តដូចដើម ខណៈ ១៧,១% មានគម្រោងបង្កើនការចាយវាយបន្ថែម និងមានតែ ១១,២%ប៉ុណ្ណោះ ដែលមានបំណងកាត់បន្ថយការចាយវាយ។

គួរជម្រាបដែរថា រដ្ឋាភិបាលថៃបានប្រកាសកាលពីដើមខែមីនាថា ព្រឹត្តិការណ៍សង្ក្រាន្តនៅក្នុងឆ្នាំនេះ នឹងរៀបចំធ្វើឡើងយ៉ាង​គគ្រឹកគគ្រេង ប៉ុន្តែជាអកុសលពួកគេបានជួបហេតុការណ៍រញ្ជួញដី កាលពីចុងខែមីនា ដែលធ្វើឲ្យមានការព្រួយបារម្ភថា ភ្ញៀវទេសចរណ៍នឹងលុបចោលដំណើរកម្សាន្ត ជាពិសេសកៀកព្រឹត្តិការណ៍សង្ក្រាន្ត ដែលជាកម្មវិធីធំប្រចាំឆ្នាំ និងតែងប្រមូលថវិកាចូលរដ្ឋជាច្រើនលានដុល្លារក្នុងមួយឆ្នាំៗថែមទៀត៕

អត្ថបទ៖ Luffy រូបភាព៖ Reuters