ប្រធានាធិបតី Donald Trump បាននិយាយកាលពីថ្ងៃអង្គារ ទី០៨ ខែមេសាថា លោកអាចអូសទាញឲ្យក្រុមហ៊ុនផលិតបន្ទះឈីបខ្នាតយក្ស TSMC មកបណ្ដាក់ទុននៅអាមេរិកបាន ដោយមិនចាំបាច់ផ្ដល់អត្ថប្រយោជន៍ ឬកញ្ចប់ជំនួយ ដូចកាលជំនាន់ដឹកនាំរបស់អតីតប្រធានាធិបតី Joe Biden នោះឡើយ។


ថ្លែងនៅក្នុងព្រឹត្តិការណ៍គណៈកម្មាធិការសភាជាតិនៃគណបក្សសាធារណរដ្ឋ លោក Trump បានរិះគន់អតីតរដ្ឋបាលលោក Biden ថា ចាយវាយលុយខ្ជះខ្ជាយ ៦,៦ពាន់លានដុល្លារ ដើម្បីឲ្យ TSMC មកបណ្ដាក់ទុននៅអាមេរិក ខណៈលោកគ្រាន់តែនិយាយប៉ុន្មានម៉ាត់ប៉ុណ្ណោះ ក្រុមហ៊ុនតៃវ៉ាន់មួយនេះ ក៏ប្រកាសចំណាយប្រាក់ ១០០ពាន់លានដុល្លារវិនិយោគនៅអាមេរិកបាត់ហើយ។
មេដឹកនាំអាមេរិកបាននិយាយថា «ខ្ញុំមិនបានផ្ដល់កញ្ចប់ជំនួយឲ្យ TSMC ទេ…ខ្ញុំគ្រាន់តែប្រាប់ពួកគេថា បើអ្នកមិនសង់រោងចក្រនៅទីនេះ អ្នកនឹងត្រូវបង់ពន្ធរហូតដល់ ១០០%»។

គួរជម្រាបបន្តិចថា ក្រុមហ៊ុនតៃវ៉ាន់ TSMC បានប្រកាសកញ្ចប់វិនិយោគរហូតដល់ ១០០ពាន់លានដុល្លារកាលពីខែមីនា ដើម្បីសាងសង់រោងចក្រផលិតបន្ទះឈីប ៥កន្លែងនៅអាមេរិក ក្រោយពេលលោក Donald Trump គំរាមទារពន្ធគយ ចំពោះក្រុមហ៊ុនធំៗទូទាំងពិភពលោក ដែលមិនមានរោងចក្រផលិតនៅអាមេរិក៕
អត្ថបទ៖ Luffy រូបភាព៖ SCMP