ប្រធានាធិបតី Donald Trump បាននិយាយកាលពីថ្ងៃទី០៨ ខែមេសាថា សហរដ្ឋអាមេរិកអាចរកចំណូលបានប្រហែល ២ពាន់លានដុល្លារក្នុងមួយថ្ងៃ ពីការប្រមូលពន្ធគយពីបណ្ដាប្រទេសដទៃទៀត។ នេះបើតាមការចុះផ្សាយពីទីភ្នាក់ងារព័ត៌មាន Reuters។


លោក Trump បានប្រកាសពីផែនការទារពន្ធគយសងសឹកចំពោះបណ្ដាប្រទេសជាច្រើន ចាប់ទាំងពីចូលកាន់តំណែងជាប្រធានាធិបតីកាលពីខែមករា ហើយថ្មីៗនេះទើបប្រកាសបន្ថែមពន្ធទំនិញនាំចូលពីចិន រហូតដល់ ១០៤% ឯណោះ។
ថ្វីដ្បិតលោក Trump អះអាងថា អាមេរិកអាចប្រមូលលុយបានរហូតដល់ ២ពាន់លានដុល្លារក្នុងមួយថ្ងៃមែន ប៉ុន្តែលោកមិនបានបញ្ចេញព័ត៌មានលំអិតដើម្បីជាអំណះអំណាងឡើយ ខណៈរបាយការណ៍ប្រចាំថ្ងៃពីក្រសួងរតនាគារអាមេរិកបង្ហាញថា នៅក្នុងខែនេះជាមធ្យម គណនីសហព័ន្ធទទួលបានទឹកប្រាក់ប្រហែល ២០០លានដុល្លារពីការទារពន្ធ។
សូមជម្រាបដែរថា កាលពីខែកុម្ភៈ អាមេរិកប្រមូលចំណូលពីពន្ធគយសរុបរហូតដល់ជាង ៧ពាន់លានដុល្លារ ខណៈសម្រាប់ខែមីនាវិញ ត្រូវបានរំពឹងថា នឹងមានចំនួនច្រើនជាងនេះថែមទៀត ដោយគ្រោងបញ្ចេញទិន្នន័យផ្លូវការនាថ្ងៃព្រហស្បតិ៍ខាងមុខ៕
អត្ថបទ៖ Luffy រូបភាព៖ Reuters