រដ្ឋាភិបាលកម្ពុជា សម្រេចលើកលែង​ពន្ធ​​ប្រាក់​ចំណូល និងលើកទឹកចិត្តអ្នកវិនិយោគនៅខេត្តភាគឦសាន

ក្ដៅ​ៗ​នៅព្រឹកថ្ងៃ៨ ខែមេសានេះ ​ប្រមុខ​រាជរដ្ឋាភិបាលកម្ពុជា បាន​សម្រេច​លើកលែង​ពន្ធ​លើ​ប្រាក់​ចំណូល ប្រាក់​រំដោះ​ពន្ធ​លើ ប្រាក់​ចំណូល និង​ពន្ធ​អប្បបរមា រយៈពេល ១២ ឆ្នាំ ដើម្បី​ជំរុញ​មាន​ការ​វិនិយោគ​លើ វិស័យ​កសិកម្ម កសិ-ឧស្សាហកម្ម និង​ទេសចរណ៍ ក្នុង​ភូមិភាគ​ឦសាន។ ក្នុង​នោះ​មាន​ខេត្ត ក្រចេះ ស្ទឹងត្រែង រតនគិរី និង​មណ្ឌលគិរី។

តាមដានជាមួយយើង៖ Million Times

យោង​តាម​កម្មវិធី​ពិសេស ជំរុញ​ការ​វិនិយោគ​ក្នុង​ខេត្ត​ទាំងបួន នៅ​ភូមិ​ភាគ​ឦសាន ឆ្នាំ ២០២៥-២០២៨។ កម្មវិធី​ពិសេស ជំរុញ​ការ​វិនិយោគ​ក្នុង​ខេត្ត​ទាំងបួន នៅ​ភូមិភាគ​ឦសាន ត្រូវ​បាន នាយករដ្ឋមន្ត្រី​កម្ពុជា​សម្ដេច ហ៊ុន ម៉ាណែត សម្រេច​អនុវត្ត​កាលពី​ថ្ងៃ​២៧កុម្ភៈ ឆ្នាំ ២០២៥។ កម្មវិធី​នេះ ផ្ដោត​សំខាន់​លើ​វិធានការ និង​លក្ខខណ្ឌ​វិនិច្ឆ័យ​ទទួល​បាន​ការ​គាំទ្រ និង​ជំរុញ​ការ​វិនិយោគ។

វិធានការ​ផ្នែក​ពន្ធដារ និង​ពន្ធគយ​លើ​គម្រោង​វិនិយោគ ក្នុង​វិស័យ​អាទិភាព វិស័យ​អាទិភាព ក្នុង​ការ​លើកលែង​ពន្ធ មាន​វិស័យ​កសិកម្ម កសិ-ឧស្សាហកម្ម ទេសចរណ៍ មាន​ដូចជា បង្កើត​តំបន់​ទេសចរណ៍​អត្តសញ្ញាណ​ពិសេស តំបន់​អេកូ​ទេសចរណ៍ សួនសត្វ រមណីយដ្ឋាន សណ្ឋាគារ សួន​កម្សាន្ត កន្លែង​ហាត់​កីឡា​ជាដើម។ វិស័យ​ទាំង​នោះ នឹង​ទទួល​បាន​ការ​លើកលែង​ពន្ធ​លើ​ប្រាក់​ចំណូល ប្រាក់​រំដោះ​ពន្ធ​លើ​ប្រាក់​ចំណូល និង​ពន្ធ​អប្បបរមា រយៈពេល១២ឆ្នាំ ដោយ​គិត​ចាប់​ពី​ឆ្នាំ ដែល​គម្រោង​វិនិយោគ មាន​ចំណូល​ពី​សកម្មភាព​អាជីវកម្ម​ដំបូង។

គម្រោងវិនិយោគមាន​លក្ខណៈ​សម្បត្តិ​គ្រប់គ្រាន់ របស់សហគមន៍កសិកម្មទំនើប ក្នុងវិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម ដែល​នាំ​ចូល​សម្ភារៈ​សាងសង់ បរិក្ខា​សំណង់ សម្ភារៈ​បរិក្ខា​ផលិតកម្ម និង​ធាតុ​ចូល​ផលិតកម្ម រដ្ឋជាអ្នកទទួលបន្ទុកលើពន្ធគយ អាករពិសេស និងអាករលើតម្លៃបន្ថែម។ រដ្ឋ សម្រេចលើកលែងពន្ធកាត់ទុកលើការជួយអចលនទ្រព្យ ពន្ធលើផ្ទាំងផ្សព្វផ្សាយ និង ពន្ធប៉ាតង់រយៈពេល ៣ ឆ្នាំផងដែរ។ 

លោក មាស សុខសេនសាន អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាន ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង ជាអ្នកនាំពាក្យ បានពន្យល់ពីជំហរ រដ្ឋចង់តម្រង់ទិស និងផ្ដោតចំណាប់អារម្មណ៍របស់ វិនិយោ គិន​ឲ្យ​ងាក​ទៅ​សម្លឹង​មើល​តំបន់ ដែល​មិនសូវមានការចាប់អារម្មណ៍ពីវិនិយោគិនទូទៅ ប៉ុន្តែ ជាតំបន់ដែលមានសក្តានុពលធំ។

ក្នុងត្រីមាសទី១ នៃឆ្នាំ២០២៥ ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​បាន​ចុះ​បញ្ជី​គម្រោង​វិនិយោគ​សរុប ១៧២ គម្រោង ដែល​មាន​ទុន​វិនិយោគ​សរុប​ប្រមាណ ២,៥ ពាន់​លាន​ដុល្លារ និង​អាច​បង្កើត​ការងារ​បាន ប្រមាណ​ជិត ១២ ម៉ឺនកន្លែង។ បើធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ ២០២៤ ទុន​វិនិយោគ មាន​ការ​កើន​ឡើង​ប្រមាណ​ជា ៣០៥ លានដុល្លារ ស្មើនឹងប្រមាណ១៤%៕

អត្ថបទ៖ មេរ៉ា, រូបភាព៖ STPM