ចាប់តាំងពីបោះជំហានប្រឡូកចូលឆាកនយោបាយ មហាសេដ្ឋី Elon Musk ជួបប្រទះការខាតបង់ផ្ទួនៗ ដោយក្នុងរយៈពេល ៤ខែមកនេះ មេធំក្រុមហ៊ុនរថយន្ត Tesla បានរបូតទ្រព្យសម្បត្តិរហូតដល់ ១៣៤,៧ពាន់លានដុល្លារឯណោះ។


ទីភ្នាក់ងារព័ត៌មាន Bloomberg បានរាយការណ៍ថា ការស្រុតចុះនៃទ្រព្យសម្បត្តិយ៉ាងគំហុករបស់កំពូលមហាសេដ្ឋីរូបនេះ បណ្ដាលមកពីតម្លៃភាគហ៊ុនរបស់ Tesla បន្តដាំក្បាលចុះជាបន្តបន្ទាប់ ចាប់តាំងពី Elon Musk រួមដំណើរជាមួយប្រធានាធិបតី Donald Trump បណ្ដេញបុគ្គលិកសហព័ន្ធរាប់ម៉ឺននាក់ ដើម្បីកាត់បន្ថយការចំណាយរបស់រដ្ឋាភិបាល។
រយៈពេល ៤ខែមកនេះ មនុស្សកំពូលលុយមានបំផុតលើពិភពលោក បានខាតបង់មិនស្ទើរឡើយ រហូតទ្រព្យសម្បត្តិរបស់លោកបានធ្លាក់ចុះក្រោមចំនួន ៣០០ពាន់លានដុល្លារជាលើកដំបូង គិតចាប់តាំងពីខែវិច្ឆិកា ឆ្នាំ២០២៤ ដែលចំនួនទ្រព្យសម្បត្តិរបស់លោកធ្លាប់មានលើសពី ៤០០ពាន់លានដុល្លារ ឥឡូវនេះនៅសល់ត្រឹម ២៩៧,៨ពាន់លានដុល្លារប៉ុណ្ណោះ។
ទោះជាខាតបង់ទ្រព្យសម្បត្តិអស់ច្រើនសន្ធឹកបែបនេះក្ដី ប៉ុន្តែ Elon Musk មិនសូវជាខ្វាយខ្វល់ប៉ុន្មានឡើយ ដ្បិតលោកនៅតែជាកំពូលមហាសេដ្ឋីមានទ្រព្យសម្បត្តិច្រើនបំផុតលើពិភពលោក ដោយគម្លាតទ្រព្យសម្បត្តិរវាងលោក និងមហាសេដ្ឋីមានដាច់គេទី២ Jeff Bezos ខុសគ្នារហូតដល់ជាង ១០០ពាន់លានដុល្លារឯណោះ៕
អត្ថបទ៖ Luffy រូបភាព៖ Los Angeles Times