កាលពីថ្ងៃចន្ទ ទី០៧ ខែមេសា ប្រធានក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ លោក Kevin Hassett បានប្រាប់សារព័ត៌មាន ABC ថា ប្រធានាធិបតីអាមេរិក Donald Trump មិនបានដាក់ប្រទេសរុស្ស៊ី ក្នុងបញ្ជីទារពន្ធសងសឹក ដែលបានប្រកាសកាលពីពេលកន្លងទៅ ដោយសារមិនចង់ធ្វើឲ្យរាំងស្ទះដល់កិច្ចចរចាបញ្ចប់សង្គ្រាមរុស្ស៊ី និងអ៊ុយក្រែន។


មន្ត្រីអាមេរិករូបនេះនិយាយថា វាហាក់មិនសូវសមរម្យឡើយ បើសិនជាអាមេរិកបន្ថែមការទារពន្ធគយចំពោះរុស្ស៊ី ចំពេលខ្លួនកំពុងដើរតួជាអ្នកសម្របសម្រួលបញ្ចប់សង្គ្រាម។
ទោះជាយ៉ាងណា លោក Hassett បានបញ្ជាក់យ៉ាងច្បាស់ថា នេះមិនមែនមានន័យថា រុស្ស៊ីនឹងរួចខ្លួនពីវិធានការទារពន្ធគយរបស់លោក Trump នោះឡើយ ដោយបច្ចុប្បន្នអាមេរិកកំពុងផ្ដោតសំខាន់លើការបញ្ចប់សង្គ្រាមជាអាទិភាពប៉ុណ្ណោះ ដែលមានន័យថា រុស្ស៊ីទំនងទទួលរងការទារពន្ធគយបន្ថែមដូចប្រទេសដទៃ ពេលកិច្ចចរចាបញ្ចប់សង្គ្រាមជាមួយអ៊ុយក្រែន ទទួលបានជោគជ័យ៕
អត្ថបទ៖ Luffy រូបភាព៖ ABC