ប្រមុខការទូតចិនដ៏មានថ្វីមាត់ លោក Wang Yi បំពេញទស្សនកិច្ចនៅទីក្រុងមូស្គូ ហើយបានជួបសន្ទនាជាមួយប្រធានាធិបតីរុស្សុី លោក Vladimir Putin កាលថ្ងៃទី១ ខែមេសា តាមម៉ោងក្នុងតំបន់។ ជំនួបនេះ Putin បានអំពាវនាវឱ្យរុស្ស៊ី និងចិន បង្កើនកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្ររបស់ពួកគេជាប់លាប់ ចំពេលមានភាពចលាចលជាសកល។
សារព័ត៌មាន Xinhua បានផ្សាយថា លោក Putin និយាយថា ឆ្នាំ២០២៥ ជាខួប៨០ឆ្នាំនៃជ័យជម្នះរបស់សហភាពសូវៀតក្នុងសង្គ្រាមការពារជាតិដ៏អស្ចារ្យ ហើយរំពឹងថា ភាគីចិននឹងមកចូលរួមសកម្មភាពរំលឹកខួបរុស្ស៊ី ដើម្បីរួមគ្នាអបអរសាទរជ័យជំនះក្នុងការប្រយុទ្ធប្រឆាំងនឹងហ្វាស៊ីសនិយមរបស់ពួកណាស៊ី និងយោធានិយមរបស់ជប៉ុន។


លោក Putin បន្ថែមថា ភាគីរុស្ស៊ីរីករាយចាត់ទុករឿងនេះជាកាលានុវត្តភាពមួយ ដើម្បីជំរុញឱ្យទំនាក់ទំនងភាពជាដៃគូសហការនិងសម្របសម្រួលជាយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងរុស្ស៊ី និងចិនឡើងដល់កម្រិតថ្មី។ ប្រឈមមុខនឹងស្ថានការណ៍អន្តរជាតិដ៏រង្គោះរង្គើ រុស្ស៊ីនិងចិនគួរតែបន្តបញ្ចេញសញ្ញាមានកម្លាំងផ្នែកការបង្កើនសហប្រតិបត្តិការយុទ្ធសាស្ត្រទៅកាន់ពិភពលោក។
ជាការឆ្លើយតប លោក WangYi សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជារដ្ឋមន្ត្រីក្រសួងការបរទេស បានលើកឡើងថា កិច្ចសហប្រតិបត្តិការរវាងប្រទេសចិន និងរុស្ស៊ី មិនដែលសំដៅចំពោះភាគីទី៣ ណាមួយឡើយ ហើយក៏មិនត្រូវរងការរំខានពីកម្លាំងខាងក្រៅដែរ។ លោកថា ទំនាក់ទំនងរវាងចិន និងរុស្ស៊ីនឹងមិនស្ថិតនៅតែមួកន្លែងនោះទេ តែគឺវិវឌ្ឍកាន់តែទូលំទូលាយ។
លោកបន្ថែមថា ភាគីចិន និងរុស្ស៊ីបានគាំទ្រទៅវិញទៅមកលើតារាងពេលវេលាស្តីពីការរៀបចំសកម្មភាពរំលឹក “ខួប៨០ឆ្នាំ” លើកនេះ ជឿជាក់ថា ការប្រាស្រ័យទាក់ទងសំខាន់របស់ប្រមុខរដ្ឋនៃប្រទេសទាំង២ក្នុងឆ្នាំនេះនឹងចារទំព័រថ្មីនៃទំនាក់ទំនងចិន-រុស្ស៊ី៕
អត្ថបទ៖ សារ៉ាយ រូបភាព៖ Xinhua