នាយករដ្ឋមន្ត្រី Greenland លោក Jens-Frederik Nielsen បានអះអាងកាលពីចុងខែមីនាថា អាមេរិកនឹងគ្មានថ្ងៃអាចគ្រប់គ្រងដែនកោះមួយនេះជាដាច់ខាត ទោះជាក្នុងកាលៈទេសៈបែបណាក៏ដោយ។


សារព័ត៌មាន Reuters បានចុះផ្សាយថា អំណះអំណាងរបស់មេដឹកនាំ Greenland កើតឡើងបន្ទាប់ពីប្រធានាធិបតី Donald Trump ចេញមកប្រកាសថា លោកនៅតែមានមហិច្ឆតា ចង់ទិញយកតំបន់ Greenland មកគ្រប់គ្រង ទោះកន្លងមកសំណើមួយនេះធ្លាប់ត្រូវបានច្រានចោល ពីរដ្ឋាភិបាល Greenland ក្ដី។
លោក Nielsen បានបង្ហោះសារលើបណ្ដាញសង្គមថា៖ ប្រធានាធិបតី Trump បាននិយាយថា អាមេរិកជិតសម្រេចបានការគ្រប់គ្រង Greenland។ ខ្ញុំសូមមកបញ្ជាក់ឲ្យច្បាស់ម្ដងទៀតថា អាមេរិកគ្មានថ្ងៃអាចសម្រេចរឿងនេះឡើយ ព្រោះពួកយើងមិនមែនជាកម្មសិទ្ធរបស់អ្នកណាទេ ហើយយើងគឺជាអ្នកកំណត់ជោគវាសនាដោយខ្លួនឯង។

គួររំលឹកបន្តិចថា ប្រធានាធិបតីអាមេរិក Donald Trump បានប្រកាសពីមហិច្ឆតាក្នុងការទិញយកកោះ Greenland មកគ្រប់គ្រង ដោយអះអាងថា វាមានសារៈសំខាន់ក្នុងការការពារសុវត្ថិភាពអាមេរិក ជាមួយគោលបំណងសង់មូលដ្ឋានទ័ពមួយទៀតនៅទីនោះ។ ប៉ុន្តែកន្លងមករដ្ឋាភិបាល Greenland បានចេញមុខបញ្ជាក់ច្បាស់ៗថា ពួកគេគ្មានថ្ងៃលក់ទឹកដីឲ្យអាមេរិកជាដាច់ខាត៕
អត្ថបទ៖ Luffy រូបភាព៖ Yahoo