ក្រុមហ៊ុនម៉ូតូល្បីល្បាញទូទាំងពិភពលោក Ducati បានប្រកាសថា ពួកគេនឹងបិទអាជីវកម្មនៅក្នុងទីក្រុងហាណូយ ចាប់ពីដើមខែមេសានេះតទៅ បន្ទាប់ពីសាខានៅទីនោះរកស៊ីខាតដើមអស់ជាច្រើនខែ។


សារព័ត៌មាន VNExpress បានចុះផ្សាយថា សាខាចែកចាយរបស់ Ducati នៅទីក្រុងហាណូយ នឹងបញ្ឈប់ប្រតិបត្តិការលក់របស់ខ្លួន ប៉ុន្តែនៅបន្តផ្ដល់សេវាកម្មជួសជុល និងថែទាំម៉ូតូ ចំពោះអតិថិជនដដែល។
ក្រោយការបិទសាខាចែកចាយនៅទីក្រុងហាណូយ ពេលនេះក្រុមហ៊ុន Ducati មានសាខាតែមួយគត់ក្នុងប្រទេសវៀតណាម ដើម្បីលក់ម៉ូតូរបស់ខ្លួន គឺមានទីតាំងនៅទីក្រុងហូជីមិញ។
គួរជម្រាបដែរថា សាខា Ducati នៅទីក្រុងហាណូយបានបិទទ្វារឈប់លក់ម៉ូតូ បន្ទាប់ពីបើកដំណើរការរយៈពេល ៤ឆ្នាំ។ ក្រុមហ៊ុនខ្នាតយក្សនេះ សម្រេចចិត្តបែបនេះ ដោយសារទីផ្សារម៉ូតូធំ ដែលមានកម្លាំងលើសពី 175CC នៅវៀតណាម មានភាពចង្អៀត គួបផ្សំនឹងកត្តាគូប្រជែងច្រើនផង ទើបបណ្ដាលឲ្យ Ducati សម្រេចចិត្តកាត់បន្ថយសាខាចែកចាយនៅវៀតណាម មកនៅត្រឹមមួយកន្លែងវិញ៕
អត្ថបទ៖ Luffy រូបភាព៖ MotoSaigon