Trump បញ្ជាឲ្យបង្កើតការិយាល័យថ្មី គ្រប់គ្រងលើច្បាប់បន្ទះឈីប និងជំរុញការវិនិយោគ

ប្រធានាធិបតី Donald Trump បានចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិ តម្រូវឲ្យរដ្ឋបាលរបស់លោកត្រូវតែបង្កើតការិយាល័យថ្មីមួយ សម្រាប់គ្រប់គ្រងលើច្បាប់បន្ទះឈីប (CHIPS Act) និងជំរុញការវិនិយោគនៅសហរដ្ឋអាមេរិក។

តាមដានជាមួយយើង៖ Million Times

ទីភ្នាក់ងារព័ត៌មាន Reuters បានចុះផ្សាយថា ការិយាល័យពន្លឿនការវិនិយោគរបស់សហរដ្ឋអាមេរិក នៅក្នុងក្រសួងពាណិជ្ជកម្ម នឹងត្រូវទទួលបន្ទុកត្រួតពិនិត្យ លើការអនុវត្តច្បាប់ CHIPS Act ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០២២ ដោយអតីតប្រធានាធិបតីអាមេរិក Joe Biden ក្នុងគោលបំណងលើកកម្ពស់ការស្រាវជ្រាវ និងជំរុញការផលិតបន្ទះឈីបនៅអាមេរិក។

សេតវិមានបានអះអាងថា ការិយាល័យថ្មីនេះ នឹងធានាបាននូវការចរចាកិច្ចព្រមព្រៀង CHIPS Act ឲ្យកាន់តែល្អប្រសើរ ជាងរដ្ឋបាលអាណត្តិមុន ខណៈពួកគេមិនបានបញ្ជាក់លំអិតឡើយ អំពីអត្ថប្រយោជន៍ដែលនឹងទទួលបាន។

ការិយាល័យពន្លឿនការវិនិយោគ ក៏នឹងលើកទឹកចិត្តក្រុមហ៊ុនឱ្យធ្វើការបណ្តាក់ទុនធំៗនៅអាមេរិក តាមរយៈការកាត់បន្ថយបន្ទុកបទប្បញ្ញត្តិ បង្កើនល្បឿនការអនុញ្ញាត ការសម្របសម្រួលជាមួយភ្នាក់ងារសហព័ន្ធ និងរដ្ឋ និងការបង្កើនលទ្ធភាព ដើម្បីទទួលបានធនធានជាតិជាដើម៕

អត្ថបទ៖ Luffy រូបភាព៖ White House