ក្រុមហ៊ុន BOC Aviation ដែលមានមូលដ្ឋាននៅប្រទេសសិង្ហបុរី និងជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនកំពូលចិន Bank of China បានប្រកាសពីការបញ្ជាទិញយន្តហោះ ១២០គ្រឿង ពីក្រុមហ៊ុន Boeing និង Airbus ដើម្បីពង្រីកអាជីវកម្ម និងបង្គ្រប់ចំនួនយន្តហោះដែលខ្លួនមានរហូតដល់ ១ ០០០គ្រឿងត្រឹមចុងទសវត្សនេះ។
ទីភ្នាក់ងារព័ត៌មាន Reuters បានចុះផ្សាយថា ផែនការទិញយន្តហោះរបស់ BOC Aviation កើតឡើងចំពេលវិស័យអាកាសចរណ៍ កំពុងមានសន្ទុះខ្លាំង ដែលធ្វើឲ្យក្រុមហ៊ុននេះ ទទួលបានការជួលយន្តហោះ ពីក្រុមហ៊ុនអាកាសចរណ៍ជាច្រើន។


យន្តហោះដែលក្រុមហ៊ុន BOC Aviation បានទិញនោះគឺជាយន្តហោះធន់តូចរួមមាន ប្រភេទ A320NEO ចំនួន ៧០គ្រឿងពីក្រុមហ៊ុន Airbus និងប្រភេទ 737-8 ចំនួន ៥០គ្រឿងពីក្រុមហ៊ុន Boeing។ ក្រុមហ៊ុន Boeing នឹងចាប់ផ្ដើមផលិត និងដឹកជញ្ជូនយន្តហោះ រហូតដល់ឆ្នាំ២០៣១ ខណៈក្រុមហ៊ុន Airbus នឹងបញ្ចប់ការដឹកជញ្ជូន រហូតដល់ឆ្នាំ២០៣២ សម្រាប់ការបញ្ជាទិញរបស់ក្រុមហ៊ុន BOC Aviation។
គួរជម្រាបបន្តិចថា ក្រុមហ៊ុន BOC Aviation គឺជាក្រុមហ៊ុនរកស៊ីលើការដាក់ជួលយន្តហោះ សម្រាប់ក្រុមហ៊ុនអាកាសចរណ៍ ហើយបច្ចុប្បន្នពួកគេគឺជាក្រុមហ៊ុនជួលឈានមុខគេ លើពិភពលោក ដោយមានយន្តហោះរហូតដល់ជិត ៧០៩គ្រឿងឯណោះ គិតត្រឹមដំណាច់ឆ្នាំ២០២៤៕
អត្ថបទ៖ Luffy រូបភាព៖