កាលពីពេលថ្មីៗនេះ ប្រធានាធិបតី Donald Trump បានប្រាប់នៅក្នុងបទសម្ភាសន៍ជាមួយប៉ុស្តិ៍ទូរទស្សន៍ NBC ថា លោកខឹងសម្បារជាខ្លាំង ជាមួយប្រធានាធិបតី Vladimir Putin ក្រោយមេដឹកនាំរុស្ស៊ីរិះគន់លោក Volodymyr Zelensky ជុំវិញភាពជាអ្នកដឹកនាំប្រទេសអ៊ុយក្រែន និងទាមទារឲ្យមានរដ្ឋបាលថ្មី មុនបើកកិច្ចចរចាបញ្ចប់សង្គ្រាម។


លោក Trump បាននិយាយថា ការលើកឡើងរបស់លោក Putin កំពុងដើរខុសពីគោលដៅ នៃកិច្ចខិតខំបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន ដែលអាមេរិកព្យាយាមសម្របសម្រួល ហើយបើសិនជាលោកយល់ឃើញថា កិច្ចព្រមព្រៀងនេះមិនអាចសម្រេចបាន ដោយសារតែកំហុសរបស់លោក Putin នោះអាមេរិកនឹងដាក់ទណ្ឌកម្មពន្ធគយ ដោយតំឡើងពន្ធចន្លោះពី ២៥% ទៅ ៥០% ចំពោះការនាំចេញប្រេងរបស់រុស្ស៊ី។
ក្នុងករណីធ្ងន់ធ្ងរជាងនេះ មេដឹកនាំអាមេរិកគំរាមទៀតថា បើសិនជាមានប្រទេសណាហ៊ានទិញប្រេងពីរុស្ស៊ី នោះពួកគេមិនអាចរកស៊ីជាមួយអាមេរិកបានជាដាច់ខាត។

គួរជម្រាបដែរថា ប្រធានាធិបតីអាមេរិក Donald Trump អះអាងថា លោកនឹងព្យាយាមបញ្ចប់សង្គ្រាម រវាងរុស្ស៊ី និងអ៊ុយក្រែនឲ្យបានកាន់តែឆាប់ ខណៈកន្លងមករដ្ឋបាលរបស់លោកបានជួបជាមួយភាគីទាំងសងខាង ដើម្បីរៀបចំកិច្ចព្រមព្រៀងបញ្ចប់សង្គ្រាម និងបច្ចុប្បន្នកំពុងរង់ចាំការចរចាផ្ទាល់ រវាងមេដឹកនាំរុស្ស៊ី និងអ៊ុយក្រែន៕
អត្ថបទ៖ Luffy រូបភាព៖ NBC