រដ្ឋមន្រ្តីទេសចរណ៍ នាំវិនិយោគិនមើលរមណីយដ្ឋាន «ទេទឹកពុះ» រៀបចំកញ្ចប់ទស្សនកិច្ចតំបន់ដ៏កម្រមានបាតុភូតធម្មជាតិចម្លែក

លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ដឹកនាំស្ថាប័នពាក់ព័ន្ធ តំណាងសហគមន៍ និងផ្នែកឯកជនក្នុងវិស័យទេសចរណ៍ ចុះពិនិត្យស្ថានភាពជាក់ស្តែងនៅរមណីយដ្ឋានធម្មជាតិ «ទេទឹកពុះ» ស្ថិតនៅក្នុងឃុំតាសាល ស្រុលឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដើម្បីពិនិត្យលទ្ធភាពក្នុងការរៀបចំកញ្ចប់ទស្សនកិច្ចទាក់ទាញភ្ញៀវទេសចរឱ្យមកទស្សនាឱ្យបានច្រើន។

ការដឹកនាំមន្ត្រីជំនាញជួបសហគមន៍របស់លោក ហួត ហាក់ កាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៥ រួមជាមួយតំណាងផ្នែកឯកជនក្នុងវិស័យទេសចរណ៍ មានដូចជា៖ សមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា (CATA) របស់លោកស្រី ឆាយ ស៊ីវលីន, សហព័ន្ធទេសចរណ៍កម្ពុជា (CTF) របស់ឧកញ៉ា ឌិន សុមេធារិទ្ធ, សមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិក (PATACC) របស់លោក ធួន ស៊ីណាន និងអ្នកឧកញ៉ា សួរ វីរៈ ម្ចាស់ក្រុមហ៊ុន វិរៈ ប៊ុនថាំ ធ្វើឡើងបន្ទាប់ពីទទួលបានគោលការណ៍ណែនាំរបស់នាយករដ្ឋមន្រ្តី។

តាមដានជាមួយយើង៖ Million Times

ក្រសួងទេសចរណ៍ បានឲ្យដឹងថា រមណីយដ្ឋានធម្មជាតិ «ទេទឹកពុះ» ជាតំបន់ធម្មជាតិដ៏កម្រមួយ គឺមានបាតុភូតធម្មជាតិចម្លែក ដែលទឹកមានសីតុណ្ហភាពខ្ពស់រហូតដល់ ៧០អង្សារសេ។

ទឹកនេះ ចេញមកពី៦ប្រភព និងមានក្លិនដូចស្ពាន់ធ័រ និងថ្មកំបោរ នៅផ្ទៃទឹក មានទំហំ ៨០ម៉ែត្រការ៉េ និងមានផ្ទៃដីសរុប ៥ហិកតា ដែលពោរពេញដោយស្មៅខ្ពស់ៗដ៏ស្រស់ស្អាត ហើយប្រជាជននៅក្នុងតំបន់នោះ ដែលជាជនជាតិសួយ មានជំនឿថាជាតំបន់ដ៏ស័ក្ដិសិទ្ធិ សម្រាប់ភ្ញៀវទេសចរដែលបានទៅកម្សាន្តនៅទីនោះហើយ នឹងនាំសំណាងល្អត្រឡប់ទៅវិញ ជាពិសេសអ្នកមានជំងឺខ្លះអាចទៅលុបលាងមុខដោយទឹកថ្លាឈ្វង់នៅទីនោះ ខ្លះអាចចុះត្រាំទឹក នឹងអាចជាសះស្បើយពីជំងឺផងដែរ៕

អត្ថបទ៖ ពិសិដ្ឋ រូបភាព៖ ក្រសួងទេសចរណ៍