កាលពីថ្ងៃសុក្រ ទី២៩ ខែមីនា មហាសេដ្ឋី Elon Musk បានប្រកាសថា លោកបានលក់បណ្ដាញសង្គម X ទៅឲ្យក្រុមហ៊ុនរបស់លោកមួយទៀត ដែលមានឈ្មោះថា xAI ក្នុងតម្លៃ ៣៣ពាន់លានដុល្លារ ពោលគឺខាត ១១ពាន់លានដុល្លារ ក្រោយលោកបានចំណាយ ៤៤ពាន់លានដុល្លារទិញបណ្ដាញសង្គម Twitter កាលពីឆ្នាំ២០២២ និងប្ដូរឈ្មោះទៅជា X។


ទីភ្នាក់ងារព័ត៌មាន Bloomberg បានចុះផ្សាយថា ក្រោយក្រុមហ៊ុនទាំង២ នេះរួមបញ្ចូលគ្នា វាបានបង្កើតជាក្រុមហ៊ុនថ្មីមួយ ដែលមានឈ្មោះថា XAI Holdings ដោយមានតម្លៃលើសពី ១០០ពាន់លានដុល្លារ។
ព័ត៌មានលម្អិតអំពីកិច្ចព្រមព្រៀងទិញលក់មួយនេះ ត្រូវបានរក្សាការសម្ងាត់ ដោយមិនបញ្ចេញពីលក្ខខ័ណ្ឌអ្វីសោះឡើយ ដោយគេគ្រាន់តែដឹងថា តាមរយៈការរួមបញ្ចូលក្រុមហ៊ុននេះ Elon Musk ទំនងមានបំណងចង់ផ្ដោតសំខាន់ លើការអភិវឌ្ឍន៍បច្ចេកវិទ្យា AI របស់ខ្លួន ដែលមានឈ្មោះថា Grok។
ជាមួយគ្នានោះ គេនៅមិនទាន់ដឹងថា តើក្រុមវិនិយោគិននៅក្នុងក្រុមហ៊ុន X នឹងទទួលបានសំណងបែបណា ពីការលក់ក្រុមហ៊ុននេះ ឬក៏ Elon Musk នឹងមានវិធានការដឹកនាំក្រុមហ៊ុនថ្មី របៀបណានោះទេ៕
អត្ថបទ៖ Luffy រូបភាព៖ Bloomberg