ក្រុមហ៊ុនល្បីផលិតវីដេអូមានអ្នកទស្សនាជិត ២០០លាននាក់ ស្នើសុំគាំទ្រគំរោងថតបែបផ្សងព្រេងនៅប្រាសាទអង្គរវត្ត

ក្រុមហ៊ុន Bright Bay Creative ដែលមានមូលដ្ឋាននៅរដ្ឋ Los Angeles សហរដ្ឋអាមេរិក ស្នើសុំកិច្ចសហការគាំទ្រពីក្រសួងទេសចរណ៍ លើគំរោងថតវីដេអូបែបផ្សងព្រេងនៅប្រាសាទអង្គរវត្ត និងតំបន់ផ្សេងៗទៀតក្នុងខេត្តសៀមរាបនាពេលខាងមុខ។ ការលើកសំណើរធ្វើឡើងជំនួបរវាងរដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងផលិតករភាពយន្តពីក្រុមហ៊ុន Bright Bay Creative នាព្រឹកថ្ងៃទី២៧ ខែមីនាម្សិលមិញ។

ក្នុងឱកាសនោះ ក្រុមហ៊ុន Bright Bay Creative បានប្រាប់រដ្ឋមន្រ្តីក្រសួងទេសចរណ៍ អំពីគំរោងថតវីដេអូបែបផ្សងព្រេងនៅប្រាសាទអង្គរវត្ត និងតំបន់ផ្សេងៗទៀតក្នុងខេត្តសៀមរាបនាពេលខាងមុខ ដោយក្រុមហ៊ុនបានសម្រេចយកប្រទេសកម្ពុជាពិសេសប្រាសាទអង្គរវត្តជាទីតាំងថត ផ្អែកលើកត្តាសុខសន្តិភាព ស្ថិរភាពនយោបាយសង្គម សុវត្ថិភាពដ៏ល្អ រួមទាំងភាពល្បីល្បាញជាបេតិកភណ្ឌពិភពលោក បដិសណ្ឋារកិច្ចដ៏រួសរាយនិងរាក់ទាក់របស់ប្រជាជនកម្ពុជា។

តាមដានជាមួយយើង៖ Million Times

រដ្ឋមន្រ្តីទេសចរណ៍ បានវាយតម្លៃខ្ពស់លើគំរោងថតវីដេអូ និងការសម្រេចចិត្តដ៏ត្រឹមត្រូវរបស់ក្រុមហ៊ុនដែលបានជ្រើសរើសប្រទេសកម្ពុជា ជាទីតាំងថត និងសូមស្វាគមន៍ ហើយផ្តល់កិច្ចសហការគាំទ្រដល់ក្រុមហ៊ុន។ 

សូមបញ្ជាក់ថា ក្រុមហ៊ុន Bright Bay Creative បានផលិតនូវវីដេអូស្តីពីដំណើរផ្សងព្រេងក្នុងប្រទេសនានា ជាពិសេសតាមបណ្តាតំបន់បេតិកភណ្ឌពិភពលោកជាច្រើន ដោយរាល់វីដេអូនីមួយៗ ទទួលបានការទស្សនា និងតាមដានជិត ២០០លាននាក់៕

អត្ថបទ៖ ពិសិដ្ឋ រូបភាព៖ ក្រសួងទេសចរណ៍