ប្រធានាធិបតី Putin ស្នើឲ្យបង្កើតរដ្ឋបាលបណ្ដោះអាសន្នសម្រាប់អ៊ុយក្រែន ដើម្បីដោះស្រាយបញ្ហាសង្គ្រាម

នាព្រឹកថ្ងៃសុក្រ ទី២៨ ខែមីនា ប្រធានាធិបតីរុស្ស៊ី Vladimir Putin បានដាក់សំណើថា អ៊ុយក្រែនគួរតែមានរដ្ឋបាលបណ្ដោះអាសន្នមួយ ដើម្បីរៀបចំការបោះឆ្នោតប្រធានាធិបតីថ្មី និងដោះស្រាយនូវបញ្ហាសំខាន់ៗផ្សេងៗ ក្នុងការពន្លឿនកិច្ចព្រមព្រៀងបញ្ចប់សង្គ្រាមរយៈពេលជាង ៣ឆ្នាំ។

តាមដានជាមួយយើង៖ Million Times

ទីភ្នាក់ងារព័ត៌មានរុស្ស៊ីបានរាយការណ៍ថា លោក Putin បានលើកឡើងបែបនេះអំឡុងពេលចូលរួមកម្មវិធីមួយ នៅទីក្រុង Murmansk ហើយមេដឹកនាំរូបនេះជឿជាក់ថា ប្រធានាធិបតីអាមេរិក Donald Trump ក៏មានបំណងចង់ពន្លឿនការបញ្ចប់សង្គ្រាមដូចគ្នា។

សំណើរបង្កើតរដ្ឋបាលបណ្ដោះអាសន្ន សម្រាប់រៀបចំការបោះឆ្នោតជ្រើសរើសមេដឹកនាំអ៊ុយក្រែន របស់លោក Putin ធ្វើឡើងដើម្បីដោះស្រាយនូវបញ្ហាចម្បង ដែលកន្លងមករដ្ឋាភិបាលរុស្ស៊ីតែងតែអះអាងថា រដ្ឋបាលរបស់ប្រធានាធិបតី Volodymyr Zelensky មិនមែនជាដៃគូចរចាស្របច្បាប់ឡើយ ដ្បិតបើតាមច្បាប់ លោក Zelensky អស់សិទ្ធអំណាចជាប្រធានាធិបតី តាំងពីខែឧសភា ឆ្នាំ២០២៤ម៉្លេះ។

គួរជម្រាបដែរថា លោក Zelensky ត្រូវផុតអាណត្តិដឹកនាំអ៊ុយក្រែន តាំងពីខែឧសភា ឆ្នាំ២០២៤ ប៉ុន្តែក្រោយរុស្ស៊ីបើកការវាយប្រហារកាលពីខែកុម្ភៈ ឆ្នាំ២០២២ មេដឹកនាំអ៊ុយក្រែនរូបនេះបានប្រកាសច្បាប់អាជ្ញាសឹក ដែលធ្វើឲ្យការរៀបចំបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មី ត្រូវបានពន្យារពេលរហូតមកទល់សព្វថ្ងៃ៕

អត្ថបទ៖ Luffy រូបភាព៖ Yahoo