សម្តេចតេជោ ហ៊ុន សែន លើបណ្តាញសង្គមបានបង្ហោះសារពីដំណឹងមរណភាពបងប្រុសបង្កើត គឺអ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន ភ្ជាប់រូបភាពច្រើនសន្លឹកជាមួយសារដ៏អាឡោះអាល័យសោកស្តាយជាពន់ពេក ដែលសម្តេចលើកឡើងថា បើទោះមិនចង់ទទួល ក៏ត្រូវតែទទួលយកការពិតនេះដែរ។
អ្នកឧកញ៉ា ហ៊ុន សាន ដែលជារៀមច្បងក្នុងចំណោមបងប្អូនបង្កើតសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ទទួលមរណភាពក្នុងជន្មាយុ ៧៨ឆ្នាំ ដោយរោគាពាធ នាវេលាម៉ោង ០២:២៧នាទីព្រឹកនៅថ្ងៃសុក្រ ទី២៨ ខែមីនា ឆ្នាំ២០២៥។


សម្តេចតេជោ ហ៊ុន សែន បានសរសេរសំណេររំលឹកកាលនៅស្រុកស្ទឹងត្រង់ និងស្រុកក្រូចឆ្មារ ខេត្តកំពង់ចាម យ៉ាងដូច្នេះថា បងប្រុសម្នាក់នេះ (ហ៊ុន សាន) បានលះបង់ច្រើនណាស់សម្រាប់ប្អូនៗ គឺសុខចិត្តបោះបង់ចោលការសិក្សានៅអនុវិទ្យាល័យនាសម័យនោះ មកជួយពុកម៉ែធ្វើស្រែចំការដើម្បីផ្តល់ឱកាសឲ្យប្អូនៗ ពិសេសសម្តេចទទួលបានការសិក្សានៅភ្នំពេញ។ សម្តេចរំលឹកបន្ថែមថា បំណងធំរបស់បងទី១ គឺធ្វើ ថីផែនទី ដែលពេលនេះហៅថា មន្ត្រីសុរិយោដី។
សូមជម្រាបថា អ្នកឧកញ៉ា ហ៊ុន សាន ជាកូនបង្កើតអ្នកឧកញ៉ាមហាភក្តីសប្បុរិសភោគាធិបតី ហ៊ុន នាង និងមហាឧបាសិកា ឌី ប៉ុក។ អ្នកឧកញ៉ាមានបងប្អូនចំនួន ៦នាក់ក្នុងស្រី ៣នាក់រួមមាន៖ អ្នកឧកញ៉ា ហ៊ុន សាន, សម្តេច ហ៊ុន ណេង, សម្តេច ហ៊ុន សែន និងប្អូនស្រីបីនាក់ទៀត អ្នកស្រី ហ៊ុន សេងនី អ្នកស្រីឧកញ៉ា ហ៊ុន ស៊ីណាត និងអ្នកស្រី ហ៊ុន ប៊ុនធឿន។


អ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន មានមុខតំណែងជារដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន ហើយក៏ធ្លាប់កាន់តំណែងជាប្រធានសហគ្រាសសាធារណៈភ្នាក់ងារកម្ពុជានាវាចរណ៍ ដែលហៅកាត់ថា «កាំសាប» ផងដែរ៕
អត្ថបទ៖ សាងតេជៈ រូបភាព៖ ផេកសម្តេចតេជោ