អគ្គលេខាធិការដ្ឋានរដ្ឋសភា បានប្រគល់កៅអីចំនួន ១៨៦ ដែលជាអតីតអាសនៈរបស់តំណាងរាស្រ្ត ជូនដល់វិទ្យាល័យឥន្រ្ទទេវី ដើម្បីសាលាយកទៅប្រើប្រាស់ជាប្រយោជន៍សាធារណៈ តាមតម្រូវការជាក់ស្តែង នៅព្រឹកថ្ងៃទី២៧ ខែមីនាឆ្នាំ២០២៥។


លោក ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភា បានគូសបញ្ជាក់ថា ទោះបីជាកៅអីទាំងនេះ បានប្រើប្រាស់ហើយក៏ដោយតែនៅមានគុណភាពល្អប្រសើរ អាចយកទៅប្រើប្រាស់នៅក្នុងសាលប្រជុំ ឬតាមតម្រូវការជាក់ស្តែងផ្ទាល់របស់សាលា។
លោកថា កៅអីទាំងនេះ ជាប្រភេទកៅអីដែលថ្នាក់ដឹកនាំ សមាជិកសមាជិការដ្ឋសភា អង្គុយប្រជុំរដ្ឋសភា ដែលនៅទីនេះគេហៅថា “អាសនៈ” តំណាងរាស្រ្តដែលទទួលបានការបោះឆ្នោតគាំទ្រពីប្រជាពលរដ្ឋ។
លោក នាក់ សុទ្ធា នាយកវិទ្យាល័យឥន្ទ្រទេវី បានលើកឡើងថា ការប្រើប្រាស់អំណោយដ៏ថ្លៃថ្លានេះ ស្របតាមតម្រូវការជាក់ស្តែងរបស់សាលា គឺសាលានឹងរៀបចំសាលប្រជុំរបស់ខ្លួនឱ្យបានស្អាតឡើងវិញ ជាមួយការបំពាក់កៅអី ដែលជាអំណោយរបស់រដ្ឋសភាទាំងនេះ ក្នុងការប្រើប្រាស់ជាប្រយោជន៏យូរអង្វែងតទៅ៕


អត្ថបទ៖ សាងតេជៈ រូបភាព៖ រដ្ឋសភា