ប្រធានាធិបតី Trump បញ្ជាឲ្យដករូបគំនូរដ៏អាក្រក់របស់លោក ពីការតាំងបង្ហាញសាធារណៈ

កាលពីថ្ងៃពុធ ទី២៦ ខែមីនា ប្រធានាធិបតីអាមេរិក Donald Trump បានបង្ហោះសារលើបណ្ដាញសង្គម រិះគន់ចំពោះរូបគំនូររបស់លោក ដែលបានតាំងបង្ហាញនៅអគារការិយាល័យក្នុងរដ្ឋ Colorado ដែលលោកអះអាងថា មានរូបរាងអាក្រក់ និងបានបញ្ជាឲ្យពួកគេដករូបនេះចេញភ្លាម។ នេះបើតាមការចុះផ្សាយពីទីភ្នាក់ងារព័ត៌មាន AP។

តាមដានជាមួយយើង៖ Million Times

លោក Trump បានបង្ហោះសារយ៉ាងដូច្នេះថា «គ្មានអ្នកណាម្នាក់ពេញចិត្តជាមួយរូបភាពអាក្រក់របស់ពួកគេឡើយ ប៉ុន្តែរូបមួយផ្ទាំងនៅក្នុងវិមាន Capitol ក្នុងរដ្ឋ Colorado ដែលតាំងដោយអភិបាលក្រុង រួមជាមួយប្រធានាធិបតីផ្សេងទៀត គឺពិតជាអាក្រក់ ហើយវាគឺជាចេតនាបង្ខូចកិត្តិយសខ្ញុំ»។

មេដឹកនាំអាមេរិករូបនេះបញ្ជាក់ទៀតថា វិចិត្រករគូរគំនូរមួយផ្ទាំងនេះ គឺមានឈ្មោះថា Sarah Boardman ដែលធ្លាប់បានគូររូបឲ្យអតីតប្រធានាធិបតី Barack Obama ដែលមានសភាពស្រស់ស្អាត ប៉ុន្តែបែរជាគូររូបលោកអាក្រក់ទៅវិញ។ លោកបានបន្ទោសថា វិចិត្រកររូបនេះធ្លាក់ទឹកដៃ ទៅតាមអាយុរបស់នាង។

គួររំលឹកបន្តិចថា រូបគំនូររបស់ប្រធានាធិបតី Donald Trump ត្រូវបានព្យួរនៅជាន់ទី៣ នៃវិមាន Capitol តាំងពីឆ្នាំ២០១៩ ប៉ុន្តែវាទើបតែត្រូវបានដកចេញថ្មីៗ តាមការស្នើសុំរបស់លោក Trump ប៉ុណ្ណោះ៕

អត្ថបទ៖ Luffy រូបភាព៖ AP