ថ្មីៗនេះ ហាងកាហ្វេធំបំផុត និងមានសាខារាប់រយកន្លែងនៅប្រទេសវៀតណាម Highlands Coffee បានប្រកាសពីប្រាក់ចំណេញប្រចាំឆ្នាំ២០២៤ ដែលជាតួលេខខ្ពស់បំផុតមិនធ្លាប់មាន គឺ ១.០៥ទ្រីលានដុង ឬប្រហែល ៤១លានដុល្លារ កើនឡើង ៤,៥% ធៀបនឹងឆ្នាំ២០២៣។


សារព័ត៌មាន VNExpress បានរាយការណ៍ថា ហាងកាហ្វេនេះផងដែរ បានរួមចំណែករហូតដល់ ៣៦% នៃប្រាក់ចំណូលរបស់ក្រុមហ៊ុនមេ Jollibee Foods Corporation ខណៈក្នុងមួយថ្ងៃហាងកាហ្វេ Higlands អាចរកចំណូលជាមធ្យម ១៦លានដុង ឬជាង ៦២៥ដុល្លារឯណោះ។
បច្ចុប្បន្ន ហាងកាហ្វេដ៏ល្បីមួយនេះ មានសាខារហូតដល់ ៨៥០កន្លែងនៅប្រទេសវៀតណាម និងមាននៅក្រៅប្រទេសផងដែរ ដែលភាគច្រើននៅខាងប៉ែកលោកខាងលិច គិតត្រឹមចុងឆ្នាំ២០២៤។
ហាងកាហ្វេមួយនេះ ត្រូវបានបង្កើតឡើងដំបូងក្នុងឆ្នាំ១៩៩៩ ចាប់ផ្ដើមពីការលក់កាហ្វកញ្ចប់ក្នុងទីក្រុងហាណូយ និងក្រោយមកក្នុងឆ្នាំ២០០២ ចាប់ផ្ដើមពង្រីកខ្លួន ក្លាយជាអ្នកលក់កាហ្វេតែម្ដង ដោយមានហាងដំបូងនៅទីក្រុងហូជីមិញ។

ដំណើរការបានជាង ១០ឆ្នាំ Highlands Coffee ត្រូវបានចរចាទិញយកដោយក្រុមហ៊ុនហ្វីលីពីន Jollibee Foods Corporation ក្នុងឆ្នាំ២០១២ ក្នុងតម្លៃប្រហែល ២៥លានដុល្លារ សម្រាប់ភាគហ៊ុន ៥០% និងបានក្លាយជាម្ចាស់ភាគហ៊ុនធំ នៃហាងកាហ្វេដ៏ល្បីមួយនេះចាប់ពីពេលនោះមក៕
អត្ថបទ៖ Luffy រូបភាព៖ Highlands Coffee