ក្រុមហ៊ុនខ្នាតយក្ស Dollar Tree បានលក់អាជីវកម្មមួយរកស៊ីនៅក្នុងវិស័យលក់រាយ មានឈ្មោះថា Family Dollar ទទួលបានទឹកប្រាក់ ១ពាន់លានដុល្លារ បន្ទាប់ពីស្វែងរកអ្នកទិញអស់រយៈពេលច្រើនឆ្នាំ។
ទីភ្នាក់ងារព័ត៌មាន Reuters បានចុះផ្សាយថា ក្រុមហ៊ុនអាមេរិកមួយនេះ បានលក់អាជីវកម្មទាំងខាតបង់ ពោលកាលពីឆ្នាំ២០១៥ ពួកគេបានទិញ Family Dollar ក្នុងតម្លៃ ៩ពាន់លានដុល្លារ ប៉ុន្តែបច្ចុប្បន្នលក់ចេញវិញត្រឹម ១ពាន់លានដុល្លារប៉ុណ្ណោះ។


កត្តាចម្បងដែលបង្ខំឲ្យ Dollar Tree សម្រេចចិត្តបញ្ចប់ដំណើរជាមួយ Family Dollar គឺដោយសារកំណើននៃគូប្រជែងក្នុងវិស័យលក់រាយមានច្រើនពេក តួយ៉ាងដូចជាក្រុមហ៊ុន Walmart និងការលក់រាយតាមអនឡាញ រួមមាន Amazon និង Temu ជាដើម បានធ្វើឲ្យប្រាក់ចំណូលរបស់ក្រុមហ៊ុន Family Dollar ធ្លាក់ចុះបន្តកន្ទុយគ្នារាប់ឆ្នាំ។
អាចនិយាយបានថា ការលក់ក្រុមហ៊ុន Family Dollar គឺជាការដកបន្លាចេញពីទ្រូងរបស់ Dollar Tree ដ្បិតក្រោយដំណឹងនៃការលក់ក្រុមហ៊ុននេះចេញផ្សាយ តម្លៃភាគហ៊ុនរបស់ក្រុមហ៊ុនលក់រាយនៅអាមេរិកមួយនេះ កើនឡើងរហូតដល់ ៦% ខណៈក្រុមវិនិយោគិនក៏បង្ហាញក្ដីសាទរផងដែរ ចំពោះការលក់អាជីវកម្ម ដែលមិនផ្ដល់ផលចំណេញដល់ក្រុមហ៊ុន៕
អត្ថបទ៖ Luffy រូបភាព៖ The Press Democrat