ទូតកម្ពុជាថ្មី ប្រគល់នូវព្រះរាជសារតែងតាំង ដល់ប្រធានាធិបតីហ្វីលីពីន ប្តេជ្ញាបំរើផលប្រយោជន៍ប្រទេសទាំងពីរ

លោក ស៊ិន សារៀម បានប្រគល់នូវព្រះរាជសារតែងតាំងលោកជាឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃកម្ពុជា ប្រចាំហ្វីលីពីន ជូនលោក Ferdinand R. Marcos Jr. ប្រធានាធិបតីហ្វីលីពីន នៅវិមាន Malacañang នារដ្ឋធានីម៉ានីល កាលថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥។

នៅក្រោយពិធីប្រគល់ព្រះរាជសារតាំងនៅលោក ស៊ិន សារៀម មានជំនួបសម្តែងការគួរសមជាមួយប្រធានាធិបតីហ្វីលីពីន ដោយបានពាំនាំនូវព្រះបន្ទូលផ្តាំសួរសុខទុក្ខពីព្រះមហាក្សត្រ និងគារវកិច្ចរបស់នាយករដ្ឋមន្រ្តីនៃកម្ពុជា ជូនប្រធានាធិបតីហ្វីលីពីន។ ជាការឆ្លើយតប លោកប្រធានាធិបតី សូមថ្វាយព្រះរាជសព្ទសាធុការពរថ្វាយព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងជូនពរសម្តេចនាយករដ្ឋមន្ត្រី។

តាមដានជាមួយយើង៖ Million Times

នៅក្នុងជំនួបខាងលើ លោកឯកអគ្គរាជទូតបានបញ្ជាក់នូវការប្តេជ្ញាក្នុងការពង្រឹងនិងពង្រីកបន្ថែមទៀតនូវចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងហ្វីលីពីន ដើម្បីផលប្រយោជន៍ និងវិបុលភាពរបស់ប្រជាជននៃប្រទេសទាំងពីរ។

លោកបានរម្លឹកពីជំនួបពិភាក្សាប្រកបដោយផ្លែផ្កា និងការចុះហត្ថលេខាលើឯកសារអនុស្សរណៈនៃការយោគយល់គ្នា (MoUs) និងកិច្ចព្រមព្រៀង ចំនួន ៨ លើវិស័យសំខាន់ៗ រួមមាន ពាណិជ្ជកម្ម ការវិនិយោគ កសិកម្ម ទេសចរណ៍ ការងារ បច្ចេកវិទ្យាទូរគមនាគមន៍ និងវប្បធម៌ ក្នុងអំឡុងដំណើរបំពេញទស្សនកិច្ចផ្លូវការដ៏ជោគជ័យរបស់សម្តេច ហ៊ុន ម៉ាណែត នៅប្រទេសហ្វីលីពីន។

ក្នុងឱកាសនៃជំនួបប្រធានាធិបតី Ferdinand R. Marcos Jr.បានគូសបញ្ជាក់ពីលទ្ធផលប្រកបដោយផ្លែផ្កានៃដំណើរទស្សនកិច្ចផ្លូវការរបស់សម្តេចនាយករដ្ឋមន្ត្រី មកកាន់ប្រទេសហ្វីលីពីន នៅខែកុម្ភៈ ឆ្នាំ២០២៥ ដែលជាសក្ខីភាពនៃទំនាក់ទំនង កាន់តែជិតស្និទ្ធ និងស៊ីជម្រៅរវាងកម្ពុជា និងហ្វីលីពីន។

លោកប្រធានាធិបតី ក៏បានបង្ហាញពីបំណងជំរុញ និងពង្រឹងទំនាក់ទំនងទ្វេភាគីហ្វីលីពីន-កម្ពុជាបន្ថែមទៀត និងបានទទួលស្គាល់នូវមូលដ្ឋានគ្រឹះដ៏រឹងមាំនៃទំនាក់ទំនងដែលមានស្រាប់រវាងប្រទេសទាំងពីរ៕

អត្ថបទ៖ សាងតេជៈ រូបភាព៖ ទូតកម្ពុជាប្រចាំនៅហ្វីលីពីន