កាលពីថ្ងៃទី២៦ ខែមីនា ប្រធានាធិបតីអាមេរិក Donald Trump បាននិយាយថា លោកនឹងយល់ព្រមកាត់បន្ថយការដាក់គំនាបពន្ធគយ ចំពោះទំនិញនាំចូលពីប្រទេសចិន បើសិនជាពួកគេជួយសម្រួលដល់កិច្ចព្រមព្រៀងទិញលក់ TikTok។


ទីភ្នាក់ងារព័ត៌មាន Reuters បានចុះផ្សាយថា មេដឹកនាំអាមេរិកមានជំនឿចិត្តថា បើសិនជារដ្ឋាភិបាលចិន ចេញមុខជួយសម្របសម្រួលបញ្ចុះបញ្ចូលក្រុមហ៊ុន ByteDance លក់កម្មវិធី TikTok នោះកិច្ចព្រមព្រៀងមួយនេះនឹងទទួលបានជោគជ័យក្នុងរយៈពេលដ៏ខ្លីជាមិនខាន។
ក្រុមហ៊ុន ByteDance មានពេលរហូតដល់ថ្ងៃទី០៥ ខែមេសា ដើម្បីស្វែងរកអ្នកទិញកម្មវិធី TikTok ដែលមិនមែនជាជនជាតិចិន ឬត្រូវប្រឈមនឹងការបិទអាជីវកម្មទាំងស្រុងនៅអាមេរិក ប៉ុន្តែកន្លងមកប្រធានាធិបតី Trump ធ្លាប់អះអាងថា បើសិនជា TikTok មិនអាចរកបានអ្នកទិញទាន់ពេលវេលា លោកយល់ព្រមពន្យារពេលបន្ថែមទៀត។
គួរជម្រាបដែរថា លោក Donald Trump បានបញ្ជាឲ្យរដ្ឋបាលរបស់លោកចាត់ទុកការលក់កម្មវិធី TikTok ជាអាទិភាព ហើយថែមទាំងយកការគំរាមពន្ធគយ ជាការចរចាជាមួយចិន ដើម្បីឲ្យមហាអំណាចអាស៊ី សម្របសម្រួលដល់កិច្ចព្រមព្រៀងនេះថែមទៀត៕
អត្ថបទ៖ Luffy រូបភាព៖ Barron’s