សម្តេច ហ៊ុន សែន បង្ហើបអំពីការធ្វើវិមានធំថ្មីមួយទៀតសម្រាប់ព្រឹទ្ធសភា ក្រៅពីវិមានសន្តិភាព

ប្រមុខរដ្ឋស្ដីទី សម្ដេច ហ៊ុន សែន បានបង្ហើបអំពីការធ្វើវិមានធំថ្មីមួយទៀតសម្រាប់ព្រឹទ្ធសភា ដើម្បីទុកសម្រាប់រៀបចំកម្មវិធីផ្សេងៗ ដោយមិនចាំចាញ់ខ្ចីវិមានសន្តិភាព សម្រាប់រៀបចំកម្មវិធីទៀតនោះទេ និងបានស្នើឱ្យលោក ប្រាក់ សុខុន ធ្វើជាប្រធានគណៈកម្មាធិការក្នុងការកសាងវិមាននេះ។

ក្នុងពិធីបំពាក់ឋានន្តរសក្តិ ថ្នាក់នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ នៃកងយោធពលខេមរភូមិន្ទ ជូនសម្ដេច ទៀ បាញ់ និងសម្ដេច ម៉ែន សំអន នៅទីស្ដីការគណៈរដ្ឋមន្រ្តី កាលពីថ្ងៃទី២១ ខែមីនាកន្លងទៅ សម្តេច ហ៊ុន សែន បានថ្លែងថា៖ «ឥលូវនេះអនុញ្ញាតឱ្យខ្ញុំថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល ដែលបានឱ្យខ្ញុំខ្ចីវិមានសន្តិភាពសម្រាប់ធ្វើពិធីបំពាក់បំពាក់ឋានន្តរសក្តិ ប៉ុន្តែបន្តិចទៀត ខ្ញុំនឹងមានទីកន្លែង ខ្លួនឯង ដែលកន្លែងនេះខ្ញុំក៏សាងតែខ្ញុំមិនបាននៅទីនេះទេ ហើយអ្នកដែលនៅទីនេះក៏មិនប្រាកដថានៅទីនេះបាន ១០០ឆ្នាំដែរ»។

តាមដានជាមួយយើង៖ Million Times

សម្តេចមានប្រសាសន៍ថា សម្តេចនឹងទៅធ្វើវិមាននៅព្រឹទ្ធសភាមួយទៀត ប៉ុន្តែមិនធំដូចវិមានសន្តិភាពនោះទេ ប៉ុន្តែសម្តេចចង់មានវិមានខ្លួនឯង និងបានស្នើលោក ប្រាក់ សុខុន ឱ្យធ្វើជាប្រធានគណៈកម្មាធិការក្នុងការកសាងវិមាននេះផងដែរ។

សម្តេចប្រមុខរដ្ឋស្តីទី បានបន្ថែមថា នៅពេលសាងសង់រួចនៅឆ្នាំក្រោយនេះ បើសិនមានការរៀបចំកម្មវិធីដូចនេះទៀត សម្តេចមិនចាំបាច់វិមានសន្តិភាព ដើម្បីរៀបចំនោះទេ គឺសម្តេចមានទីតាំងខ្លួនឯងហើយ៕

អត្ថបទ៖ សាងតេជៈ រូបភាព៖ ក្រុមព័ត៌មានសម្តេចតេជោ