នាយករដ្ឋមន្រ្តីដាណឺម៉ាក ថា វត្តមានភរិយាអនុប្រធានាធិបតី និងប្រតិភូអាមេរិកទៅលេងកោះ Greenland ជាការដាក់សម្ពាធ

លោកស្រី Usha Vance ភរិយារបស់លោក JD Vance អនុប្រធានាធិបតីអាមេរិក នឹងទៅលេងកោះ Greenland ក្នុងសប្តាហ៍នេះ ដើម្បីទៅមើលការប្រកួតសត្វសុខនថ្នាក់ជាតិ នៅឯទីក្រុងឆ្នេរសមុទ្រភាគពាយ័ព្យ Sisimiut ខណៈមន្រ្តីជាន់ខ្ពស់អាមេរិកដទៃក៏នឹងបំពេញទស្សនកិច្ចនៅ Greenland ក្នុងសប្តាហ៍នេះដូចគ្នា។

នៅថ្ងៃពុធ ទី២៦ ខែមីនានេះ លោកស្រី Mette Frederiksen នាយករដ្ឋមន្រ្តីដាណឺម៉ាក បានរិះគន់ផែនការមកកាន់កោះ Greenland របស់ក្រុមប្រតិភូអាមេរិក ដោយនិយាយថា វាហាក់បីដូចជាការដាក់សម្ពាធមួយ ដែលមិនអាចទទួលយកបានសម្រាប់ដែនដីនេះ និងចំពោះប្រទេសលោកស្រី។ នេះបើតាមសារព័ត៌មាន AFP ចេញផ្សាយ។

តាមដានជាមួយយើង៖ Million Times

លោកស្រី Frederiksen បានប្រាប់អ្នកយកព័ត៌មានថា៖ «គេមិនអាចរៀបចំដំណើរទស្សនាលក្ខណៈឯកជន រួមជាមួយអ្នកតំណាងផ្លូវការនៃប្រទេសមួយដូច្នេះបានទេ។ នេះច្បាស់ណាស់ថា មិនមែនជាដំណើរទស្សនកិច្ចដែល Greenland ត្រូវការ ឬចង់បានឡើយ។ វាដូចជាមានសម្ពាធដាក់មកលើ Greenland និងដាណឺម៉ាក ហើយយើងនឹងរកវិធីទប់ទល់»។

សេតវិមាន បានប្រកាសថា ក្រៅពីវត្តមានភរិយាលោក JD Vance អនុប្រធានាធិបតីអាមេរិក ក៏មានទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក Mike Waltz ក៏នឹងទៅបំពេញទស្សនកិច្ចនៅ Greenland ក្នុងសប្តាហ៍នេះដែរ ខណៈប្រព័ន្ធផ្សព្វផ្សាយអាមេរិកថា រដ្ឋមន្ត្រីក្រសួងថាមពល លោក Chris Wright នឹងធ្វើដំណើរទៅទីនោះផងដែរ។

កាលពីថ្ងៃអង្គារ លោក JD Vance ក៏បានបង្ហោះសារលើបណ្តាញសង្គម X ថា រូបលោក នឹងដឹកនាំគណៈប្រតិភូអាមេរិក បំពេញទស្សនកិច្ចទៅកាន់ដែនដី Greenland ចាប់ពីថ្ងៃព្រហស្បតិ៍ ដល់ថ្ងៃសៅរ៍សប្ដាហ៍នេះផងដែរ ស្របពេលដែលលោក Donald Trump បានលើកឡើងម្ដងហើយម្ដងទៀតថា សហរដ្ឋអាមេរិកគួរតែគ្រប់គ្រងលើដែនដី Greenland ដោយសំអាងថា ដែនដីនេះមានសារៈសំខាន់សម្រាប់សន្តិសុខជាតិអាមេរិក។ ប៉ុន្តែ ការអះអាងនេះត្រូវបានរដ្ឋាភិបាលដាណឺម៉ាក និង Greenland ច្រានចោលយ៉ាងដាច់ខាត៕

អត្ថបទ៖ សារ៉ាយ រូបភាព៖