វិទ្យាស្ថានស្រាវជ្រាវ Knight Frank បានបញ្ចេញទិន្នន័យស្ដីពីចំនួនមនុស្សកំពូលលុយ ដែលមានទ្រព្យសម្បត្តិលើសពី ១០លានដុល្លារ នៅលើពិភពលោកកាលពីឆ្នាំ២០២៤ ដោយក្នុងនោះក៏មានចំនួនដល់ទៅ ២,៣៤លាននាក់ កើនឡើងប្រហែល ៤,៤% បើធៀបនឹងឆ្នាំ២០២៣។
ក្នុងចំណោមបុគ្គលដែលមានទ្រព្យសម្បត្តិលើសពី ១០លានដុល្លារ ជាង២លាននាក់ ក្នុងនោះក៏មានតួលេខប្រចាំតំបន់អាស៊ានផងដែរ ដោយ Knight Frank បានស្រង់ទិន្នន័យនៅប្រទេសចំនួន៦ ក្នុងចំណោមប្រទេសទាំង១០ ក្នុងតំបន់អាស៊ីអាគ្នេយ៍។


វិទ្យាស្ថានស្រាវជ្រាវពីទ្រព្យសម្បត្តិក្រុមមហាសេដ្ឋីពិភពលោកមួយនេះ បញ្ជាក់ថា ក្នុងតំបន់អាស៊ាន ប្រទេសសិង្ហបុរីមានចំនួនបុគ្គលមានទ្រព្យសម្បត្តិលើសពី ១០លានដុល្លារច្រើនជាងគេ ៩ ៨៧៤នាក់ តាមពីក្រោយដោយប្រទេសថៃមាន ៩ ១៩២នាក់ និងឥណ្ឌូណេស៊ីមាន ៨ ១២០នាក់។ ចំណែកឯម៉ាឡេស៊ីមាន ៧ ៤៩០នាក់ ហ្វីលីពីនមាន ៥ ៧៤៨នាក់ និងវៀតណាមមាន ៥ ៤៥៩នាក់។
ប្រទេសដែលមានបុគ្គលមានទ្រព្យសម្បត្តិលើសពី ១០លានដុល្លារច្រើនបំផុតលើពិភពលោក គឺសហរដ្ឋអាមេរិក ដែលមានច្រើនជាង ៩០៥ ៤០០នាក់ ឬស្មើនឹងជិត ៤០% នៃតួលេខសរុបទូទាំងសកលលោក។ ចិនជាប់នៅចំណាត់ថ្នាក់លេខ២ ដោយមានចំនួន ៤៧១ ៦០០នាក់ និងជប៉ុននៅលេខរៀងទី៣ មានចំនួន ១២២ ១០០នាក់៕
អត្ថបទ៖ Luffy រូបភាព៖ Fstoppers