នាយករដ្ឋមន្រ្តី នឹងចូលរួមសម្ពោធឲ្យប្រើប្រាស់ស្ពានអាកាស «មរតកតេជោ» តម្លៃ ៣៦លានដុល្លារ

អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ស្ពានអាកាស «មរតកតេជោ» ដែលជាចំណុចប្រសព្វរវាងមហាវិថីព្រះមុនីវង្ស មហាវិថីសម្តេចតេជោ ហ៊ុន សែន និងមហាវិថីយោធពលខេមរភូមិន្ទ (ផ្លូវ២៧១) ក្នុងខណ្ឌមានជ័យ និងខណ្ឌចំការមន គ្រោងនឹងសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនាថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៥ខាងមុខនេះ ក្រោមអធិបតីភាពសម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី។

លោកស្រី ដោ សម្ផស្ស អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានលើកឡើងថា ការដាក់សម្ពោធឲ្យប្រើប្រាស់ស្ពានអាកាស «មរតកតេជោ» មុនចូលឆ្នាំខ្មែរ គឺដើម្បីជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ក្នុងរាជធានីភ្នំពេញ ជាពិសេសការធ្វើដំណើររបស់ប្រជាពលរដ្ឋទៅស្រុកកំណើត នាឱកាសបុណ្យចូលឆ្នាំខ្មែរផង និងដោះស្រាយការកកស្ទះចរាចរនៅទីតាំងនេះផងដែរ។

តាមដានជាមួយយើង៖ Million Times

សូមជម្រាបថា ស្ពានអាកាស «មរតកតេជោ» ដែលក្រុមហ៊ុន OCIC របស់អ្នកឧកញ៉ា ពុង ឃាវសែ ទទួលបន្ទុកសាងសង់ត្រូវបានបើកការដ្ឋានកាលពីថ្ងៃទី៣១ សីហា ឆ្នាំ២០២២ ក្រោមវត្តមានសម្តេច ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ដោយគ្រោងចំណាយថវិកា ជាង ៣៦លានដុល្លារ និងចំណាយពេលវេលាសាងសង់៣៦ខែ។

លោកស្រី ដោ សម្ផស្ស បានលើកឡើងថា ស្ពានអាកាសថ្មីនេះ នឹងដោះស្រាយបាននៅលំហូរចរាចរណ៍ ពីខេត្តកណ្ដាល ឆ្លងកាត់មហាវិថីតេជោ ហ៊ុន សែន ពីព្រលានយន្តហោះថ្មី «ព្រលានយន្តហោះតេជោក្រុងតាខ្មៅ» ខេត្តកណ្ដាល ចូលមករាជធានីភ្នំពេញ និងទី២ទៀត អាចកាត់បន្ថយបាន នូវការកកស្ទះចរាចរណ៍ នៅតាមបណ្ដោយផ្លូវជាតិ១ ចូលមករាជធានីភ្នំពេញផងដែរ៕

អត្ថបទ៖ ពិសិដ្ឋ រូបភាព៖ ហ្វេសប៊ុកលោក កើត ឆែ