ក្រុមហ៊ុនធំៗ ៣ចាប់ដៃគ្នា អភិវឌ្ឍន៍ភាពចម្រុះជូនភ្ញៀវទេសចរណ៍លើកកម្ពស់មុខមាត់ខេត្តព្រះសីហនុ

ក្រុមហ៊ុន Peninsula Bay បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូជាមួយក្រុមហ៊ុន Intercontinental (IHG) និងក្រុមហ៊ុន Luxury Business Group (LBG) ដើម្បីលើកកម្ពស់វិស័យទេសចរណ៍នៅកម្ពុជា ពិសេសខេត្តព្រះសីហនុតែម្តង ដែលផ្តល់សេវាកម្មបដិសណ្ឋាកិច្ចកម្រិតសកល និងលក់រាយខ្នាតយក្ស។

ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូវាងក្រុមហ៊ុនទាំង៣ ធ្វើឡើងក្រោមវត្តមានលោក ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥។

តាមដានជាមួយយើង៖ Million Times

លោក អេតឌី ឈ័រ (Eddie Chua) នាយកប្រតិបត្តិក្រុមហ៊ុន Peninsula Bay បានលើកឡើងថា ការចាប់ដៃគូរនេះដើម្បីលើកកម្ពស់វិស័យទេសចរណ៍នៅកម្ពុជា ផ្តល់សេវាកម្មបដិសណ្ឋាកិច្ចកម្រិតសកល និងលក់រាយខ្នាតយក្ស ដោយក្រុមហ៊ុនបានសហការគ្នាបោះទីតាំង ដើម្បីអភិវឌ្ឍន៍ភាពចម្រុះជូនភ្ញៀវទេសចរណ៍ ក៏ដូចជាការលើកកម្ពស់មុខមាត់ខេត្តព្រះសីហនុ ទៅជាគោលដៅទេសចរណ៍ដ៏សំខាន់នៅអាស៊ីអាគ្នេយ៍ ដែលជាសញ្ញាណបង្ហាញពីការងើបឡើងវិញ នៃវិស័យទេសចរណ៍ កម្រិតជីវភាពក្នុងតំបន់ និងជាកិត្យានុភាពរបស់ខេត្តព្រះសីហនុ។

លោកបន្តថា ភាពជាដៃគូបានផ្តល់ឱ្យយើងទទួលបាននូវបទពិសោធន៍ដែលមិនអាចប្រៀបផ្ទឹមបាន នៅក្នុងផ្នែកបដិសណ្ឋារកិច្ច និងការលក់រាយ ការវិវឌ្ឍន៍នេះ គឺជាសក្ខីភាពបង្ហាញពីចក្ខុវិស័យរបស់យើងក្នុងការច្របាច់បញ្ចូលគ្នានូវភាពប្រណីត នវានុវត្តិន៍ និងសម្បត្តិធម្មជាតិដ៏ស្រស់ស្អាតរបស់ប្រទេសកម្ពុជា ពិសេសខេត្តព្រះសីហនុ ជាគោលដៅថ្មីមិនធ្លាប់មានក្នុងប្រទេសដ៏ទៃ។  

លោកបន្ថែមថា ការអភិវឌ្ឍន៍នេះនឹងមានមុខងារជាច្រើនដូចជា៖ សណ្ឋាគារប្រណិតចំនួន៣ ដោយរាប់បញ្ចូលទាំងសណ្ឋាគារ InterContinental ខេត្តព្រះសីហនុ នឹងផ្តល់សេវាបដិសណ្ឋារកិច្ចដល់ភ្ញៀវទេសចរណ៍តាមកម្រិតតម្រូវការ។  មជ្ឈមណ្ឌលលក់រាយស្តង់ដារអន្តរជាតិ ដែលនាំមកជូនដោយក្រុមហ៊ុន LBG។ សួនទឹកកម្សាន្ត និងអាងចិញ្ចឹមត្រីសមុទ្រធំជាងគេលើពិភពលោក ដែលត្រូវបានរចនាឡើង ក្រោមកិច្ចសហការ និងភាពជាដៃគូជាមួយអ្នកជំនាញពិភពលោក Pico Play និង ICM ដែលជាក្រុមហ៊ុនឈានមុខគេខាងរចនាបថ វិស្វកម្ម និងប្រតិបត្តិការក្នុងអាងចិញ្ចឹមត្រី និងការកម្សាន្តផ្សេងៗ។ អាងចិញ្ចឹមត្រីសមុទ្រដែលជាគោលដៅប្រជែងកំណត់ត្រាពិភពលោក នឹងមានបង្ហាញអំពីភាពអស្ចារ្យ នៃជីវចម្រុះសមុទ្ររបស់ប្រទេសកម្ពុជា។

លោក ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ មានប្រសាសន៍ថា ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូនាពេលនេះ ពិតជាបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញ និងលើកកម្ពស់វិស័យទេសចរណ៍ និងសេដ្ឋកិច្ចនៅក្នុងខេត្តព្រះសីហនុឱ្យកាន់តែទទួលបានភាពទាក់ទាញ និងរីក ចម្រើនទៅមុខជាលំដាប់ ជាពិសេសបានផ្តល់ការងារជូនប្រជាពលរដ្ឋនៅខេត្តព្រះសីហនុ។ លោកបន្ថែមថា ការចុះហត្ថលេខានេះ ជាសក្ខីភាពបង្ហាញឱ្យឃើញពីការជឿជាក់របស់អ្នកវិនិយោគទុនមកលើរាជរដ្ឋាភិបាលកម្ពុជា៕

អត្ថបទ៖ ពិសិដ្ឋ រូបភាព៖ រដ្ឋបាលខេត្តព្រះសីហនុ