ប្រទេសកូរ៉េខាងជើងបានក្លាយជារដ្ឋទី៣ ដែលមានកាក់ Bitcoin ច្រើនបំផុតលើពិភពលោក បន្ទាប់ពីបែកធ្លាយព័ត៌មានថា ក្រុមហេគ័រកូរ៉េខាងជើង បានលួចកាក់ចំនួន ១,៥ពាន់លានដុល្លារ ពីក្រុមហ៊ុនជួញដូររូបិយវត្ថុឌីជីថល ByBit កាលពីពេលកន្លងមក។


ទីភ្នាក់ងារព័ត៌មាន VNExpress ដកស្រង់ទិន្នន័យពីក្រុមហ៊ុន Arkham Intelligence បានបង្ហាញថា បច្ចុប្បន្នកូរ៉េខាងជើងកំពុងមានកាក់ Bitcoin ចំនួន ១៣ ៥៦២កាក់ សរុបជាទឹកប្រាក់ប្រហែល ១,១៤ពាន់លានដុល្លារ នាំមុខដោយសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស ដែលមានកាក់ Bitcoin ក្នុងដៃ ១៩៨ ១០៩កាក់ និង ៦១ ២៤៥កាក់។
កំណើនកាក់ Bitcoin ដែលកូរ៉េខាងជើងមាននេះ ត្រូវបាន FBI អះអាងថា កើតឡើងដោយសារការលួចកាក់ Bitcoin របស់ក្រុមហេគ័រ Lazarus ពីក្រុមហ៊ុន ByBit កាលពីចុងខែកុម្ភៈ ដែលភ្នាក់ងារអាមេរិកបញ្ជាក់ថា ជាជនជាតិកូរ៉េខាងជើង។
ក្រុមហ៊ុន ByBit បានដាក់រង្វាន់ក្នុងការតាមចាប់ខ្លួនក្រុម Lazarus ដែលលួចលុយក្រុមហ៊ុនខ្លួន ១,៥ពាន់លានដុល្លារ ដោយហ៊ានផ្ដល់ប្រាក់រង្វាន់ ១៤០លានដុល្លារ និង ១០% នៃទំហំលុយ ដែលអាចប្រមូលមកវិញពីហេគ័រមួយក្រុមនេះ បើសិនជាអ្នកណាអាចចាប់ពួកគេបាន៕
អត្ថបទ៖ Luffy រូបភាព៖ Reuters