ប្រធានាធិបតីប្រេស៊ីល លោក Luiz Inacio Lula da Silva នឹងធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសវៀតណាម នៅក្នុងសប្ដាហ៍នេះ ពោលចន្លោះពីថ្ងៃទី២៧ រហូតដល់ថ្ងៃទី២៩ ខែមីនា។ នេះបើតាមការឲ្យដឹងពីរដ្ឋមន្ត្រីក្រសួងការបរទេស ដកស្រង់ដោយគេហទំព័រ VNExpress។


ការបំពេញទស្សនកិច្ចផ្លូវរដ្ឋរបស់ថ្នាក់ដឹកនាំប្រេស៊ីល ធ្វើឡើងតាមការអញ្ជើញរបស់ប្រមុខរដ្ឋវៀតណាម ប្រធានាធិបតី Luong Cuong ខណៈវានឹងក្លាយជាដំណើរទស្សនកិច្ចលើកទី២ របស់លោក Lula ក្នុងនាមជាមេដឹកនាំប្រេស៊ីល បន្ទាប់ពីធ្លាប់បានមកវៀតណាមម្ដងកាលពីឆ្នាំ២០០៨ ក្នុងអាណត្តិដំបូងរបស់លោក។
ក្នុងដំណើរទស្សនកិច្ចមួយនោះ ត្រូវបានគេរំពឹងថា ប្រមុខដឹកនាំប្រទេសទាំង២ នឹងពិភាក្សាពីការបង្កើនកំណើនពាណិជ្ជកម្មទ្វេភាគី និងពង្រីកភាពជាដៃគូសហការយុទ្ធសាស្ត្រ ក៏ដូចជាទំនងជជែកពីលទ្ធភាពនៃការចូលជាសមាជិក BRICSរបស់វៀតណាមផងដែរ ដ្បិតប្រេស៊ីល គឺជាសមាជិកដំបូងបំផុតមួយ ដែលផ្ដួចផ្ដើមបង្កើត BRICS ឡើងមក។
ប្រទេសវៀតណាម និងប្រេស៊ីល បានចាប់ដៃគ្នាបង្កើតទំនាក់ទំនងការទូតជាផ្លូវការក្នុងឆ្នាំ១៩៨៩ និងជាដៃគូសហការទូលំទូលាយពីឆ្នាំ២០០៧។ ប្រេស៊ីលគឺជាទីផ្សារនាំចេញគ្រឿងសមុទ្រធំបំផុតមួយរបស់វៀតណាម ខណៈនាំចូលមកវិញនូវផលិតកសិកម្មច្រើនមុខ ដូចជាសណ្ដែកសៀង និងចំណីសត្វជាដើម ដោយកាលពីឆ្នាំ២០២៤ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំង២ សម្រេចបានរហូតដល់ ៧,៧ពាន់លានដុល្លារ៕

អត្ថបទ៖ Luffy រូបភាព៖ Vietnam+