សហនាយកប្រតិបត្តិលោក Han Jong-hee បានទទួលមរណភាពក្នុងវ័យ ៦៣ឆ្នាំដោយសារជំងឺគាំងបេះដូងនៅមន្ទីរពេទ្យ។ នេះបើតាមក្រុមហ៊ុន Samsung Electronics បាននិយាយកាលពីថ្ងៃអង្គារ។
អ្នកនាំពាក្យក្រុមហ៊ុន Samsung បាននិយាយថា មកទល់ពេលនេះ ក្រុមហ៊ុន Samsung មិនទាន់ប្រកាសពីអ្នកស្នងតំណែងរបស់លោក Han ឡើយ។


លោក Han អាយុ ៦៣ឆ្នាំបានក្លាយជានាយកប្រតិបត្តិនៃក្រុមហ៊ុនដ៏ធំបំផុតរបស់កូរ៉េខាងត្បូងក្នុងឆ្នាំ២០២២ ហើយលោកក៏ទទួលបន្ទុកផ្នែកគ្រឿងអេឡិចត្រូនិក និងឧបករណ៍ចល័ត។
សារព័ត៌មាន Reuters ផ្សាយថា លោក Han ចូលធ្វើការនៅក្រុមហ៊ុន Samsung តាំងពីជិត ៤០ឆ្នាំមុនមកម្លេះ ហើយលោកជាបុគ្គលម្នាក់ ដែលជួយឱ្យទីផ្សារទូរទស្សន៍របស់ Samsung មានឥទ្ធិពលនៅលើទីផ្សារ។ ក្រុមហ៊ុន Samsung ក៏បានបានសរសើរស្នាដៃរបស់លោក Han ដែលជួយក្រុមហ៊ុនក្នុងការបន្តភាពជាអ្នកដឹកនាំលើផ្នែកបច្ចេកវិទ្យាលើឆាកអន្តរជាតិផងដែរ៕
អត្ថបទ៖ សារ៉ាយ រូបភាព៖ Reuters