នាយករដ្ឋមន្ត្រីកាណាដា Mark Carney បាននិយាយកាលពីថ្ងៃសុក្រ ទី២១ ខែមីនាថា រដ្ឋាភិបាលរបស់លោកកំពុងរៀបផែនការជំរុញពាណិជ្ជកម្មសេរីផ្ទៃក្នុង ដោយដកចេញនូវរនាំងពាណិជ្ជកម្មក្នុងប្រទេស ដើម្បីទប់ទល់នឹងគំនាបពន្ធគយពីអាមេរិក។


ទីភ្នាក់ងារព័ត៌មាន Reuters បានចុះផ្សាយថា លោក Carney មានបំណងដកចេញនូវរនាំងពាណិជ្ជកម្មក្នុងប្រទេស ដើម្បីជំរុញកំណើនពាណិជ្ជកម្មក្នុងស្រុកដោយសេរី ចាប់ពីថ្ងៃទី០១ ខែកក្កដាតទៅ។
លោក Carney បាននិយាយថា «ពួកយើងនឹងប្ដេជ្ញាសម្រេចច្បាប់មួយនេះឲ្យរួចស្រេចត្រឹមថ្ងៃទី០១ ខែកក្កដា សម្រាប់ការធ្វើពាណិជ្ជកម្មនៅក្នុងប្រទេសដោយសេរី គ្មានការរារាំងពីរនាំងសហព័ន្ធ។ ពួកយើងអាចទប់ទល់ជាមួយការដាក់គំនាបពន្ធគយពីអាមេរិកបាន តាមរយៈការដករនាំងពាណិជ្ជកម្មនៅក្នុងប្រទេស»។
នាយករដ្ឋមន្ត្រីកាណាដាបន្ថែមទៀតថា លោកបានស្រាវជ្រាវ និងរកឃើញថា ការដករនាំងពាណិជ្ជកម្មនៅក្នុងស្រុក នឹងជួយកាត់បន្ថយថ្លៃពាណិជ្ជកម្មរហូតដល់ ១៥% និងបង្កើនកំណើនសេដ្ឋកិច្ចចន្លោះពី ៤% ទៅ ៨% ថែមទៀត។
គួររំលឹកបន្តិចថា ប្រធានាធិបតីអាមេរិក Donald Trump បានទារពន្ធទំនិញកាណាដាបន្ថែម ២៥% និងត្រៀមដំឡើងពន្ធលោហធាតុថែមទៀត ចាប់ពីថ្ងៃទី០២ ខែមេសា ខណៈប្រទេសកាណាដាបានអនុវត្តវិធានការទារពន្ធសងសឹក និងកំពុងរកវិធីសាស្ត្រទប់ទល់ ជាមួយការគំរាមកំហែងពន្ធពីអាមេរិក៕
អត្ថបទ៖ Luffy រូបភាព៖ DW