រដ្ឋបាលប្រធានាធិបតីអាមេរិក Donald Trump បានប្រកាសថា នឹងដកហូតសិទ្ធរស់នៅស្របច្បាប់បណ្ដោះអាសន្ន របស់ជនអន្តោប្រវេសន៍ចំនួន ៥៣០ ០០០នាក់ មកពីប្រទេសគុយបា ហៃទី នីការ៉ាហ្គា និងវេណេស៊ុយអេឡា ដែលកំពុងជ្រកកោននៅអាមេរិក ដែលធ្វើឲ្យការបង្ក្រាបករណីអន្តោប្រវេសន៍កាន់តែឡើងកម្ដៅខ្លាំងឡើង។


សារព័ត៌មាន Reuters បានចុះផ្សាយថា ផែនការរបស់ប្រធានាធិបតីអាមេរិក នឹងចាប់ផ្ដើមចូលជាធរមានពីថ្ងៃទី២៤ ខែមេសា ដោយគ្រោងដកហូតសិទ្ធរស់នៅស្របច្បាប់រយៈពេល ២ឆ្នាំ ដែលអតីតប្រធានាធិបតី Joe Biden បានផ្ដល់ចំពោះជនភៀសខ្លួនទាំងនោះ ឲ្យមានសិទ្ធរស់នៅសហរដ្ឋអាមេរិក បើសិនជាពួកគេមានអ្នកធានាជាជនជាតិអាមេរិក។
ប្រធានាធិបតី Trump បានអះអាងថា កម្មវិធីអនុញ្ញាតឲ្យជនអន្តោប្រវេសន៍ទាំងនោះមករស់នៅអាមេរិក របស់លោក Biden គឺជាទង្វើរំលោភបំពានច្បាប់សហព័ន្ធ និងបានបញ្ជាឲ្យរដ្ឋបាលរបស់លោក ដាច់ខាតត្រូវតែពន្លឿនការបណ្ដេញជនអន្តោប្រវេសន៍ទាំងនោះ ឲ្យកាន់តែឆាប់តាមដែលអាចធ្វើទៅបាន។
ក្រៅពីជនអន្តោប្រវេសន៍ មកពីប្រទេសទាំង៤ខាងលើ លោក Donald Trump ក៏កំពុងពិចារណា ដកហូតសិទ្ធរស់នៅស្របច្បាប់ ចំពោះប្រជាជនអ៊ុយក្រែនប្រហែល ២៤០ ០០០នាក់ ដែលបានរត់ភៀសខ្លួនមករស់នៅអាមេរិក ដោយសារសង្គ្រាមជាមួយរុស្ស៊ីផងដែរ៕
អត្ថបទ៖ Luffy រូបភាព៖ GMA