នៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខ រដ្ឋបាលរាជធានីភ្នំពេញ នឹងរៀបចំរថយន្តក្រុងចំនួន ៥៩៧គ្រឿង សម្រាប់បម្រើសេវាដឹកជញ្ជូនពលរដ្ឋទៅកាន់ស្រុកកំណើត និងពីស្រុកកំណើតមកភ្នំពេញវិញ ដោយមិនបង់ប្រាក់រយៈពេល៦ថ្ងៃ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥។
ការរៀបចំរថយន្តក្រុងចំនួន ៥៩៧គ្រឿង សម្រាប់បម្រើសេវាដឹកជញ្ជូនពលរដ្ឋទៅហើយមក ដោយអនុវត្តតាមប្រសាសន៍ពីសម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដើម្បីជួយសម្រួលដល់ការចំណាយរបស់បងប្អូនប្រជាពលរដ្ឋទាំងអស់ ក្នុងការធ្វើដំណើរទៅលេងស្រុកកំណើត ជួបជុំបងប្អូនក្រុមគ្រួសារ និងទៅកម្សាន្តសប្បាយ សង្ក្រាន្តឆ្នាំថ្មី នៅតាមបណ្តាខេត្តនានា។
សេចក្តីប្រកាសព័ត៌មានរបស់សាលារាជធានីភ្នំពេញ បានឲ្យដឹងថា សេវាដឹកជញ្ជូនប្រជាពលរដ្ឋក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ប្រើប្រាស់រថយន្តក្រុងចំនួន ១០០គ្រឿង សម្រាប់បម្រើដល់ប្រតិបត្តិការតម្រាយខ្សែរត់ជាប្រក្រតីក្នុងរាជធានីភ្នំពេញ។
សម្រាប់សេវាដឹកជញ្ជូនប្រជាពលរដ្ឋ ដែលនឹងធ្វើដំណើរពីរាជធានីភ្នំពេញទៅតាមបណ្តាខេត្ត និងពីបណ្តា ខេត្តត្រឡប់មករាជធានីភ្នំពេញវិញ ប្រើប្រាស់រថយន្តក្រុងចំនួន ៤៩៧គ្រឿង ព្រមទាំងបានរៀបចំ ទឹកពិសាបរិសុទ្ធដោយឥតគិតថ្លៃនៅក្នុងរថយន្តក្រុងនីមួយៗ តាមគោលដៅចេញដំណើរផងដែរ ដែលមានគោលដៅ ទីតាំង និងពេលវេលាចេញដំណើរដែលបានរៀបចំ៕
អត្ថបទ៖ ពិសិដ្ឋ រូបភាព៖ បណ្តាញសង្គម