ក្រុមហ៊ុនសេដ្ឋីម៉ាឡេស៊ី ប្តេជ្ញាបង្កេីនការតភ្ជាប់អ្នកធ្វើដំណើរ​ និងទេសចរមកកម្ពុជា

ដោយមើលឃើញ កម្ពុជាគឺជាប្រទេសដ៏មានសក្តានុពលសម្រាប់ការវិនិយោគលើវិស័យអាកាសចរណ៍ សេដ្ឋីម៉ាឡេស៊ី Tan Sri Tony Fernandes នាយកប្រតិបត្តិក្រុមហ៊ុន Capital A Group (AirAsia) ប្តេជ្ញាបង្កេីនការតភ្ជាប់អ្នកធ្វើដំណើរ​ និងភ្ញៀវទេសចរមកកាន់ប្រទេសកម្ពុជាឱ្យកាន់តែច្រើនបន្ថែមទៀត។

ការប្រកាសប្តេជ្ញាចិត្តរបស់សេដ្ឋីម៉ាឡេស៊ី Tan Sri Tony Fernandes ធ្វើឡើងក្នុងពេលចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយសម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៅវិមានសន្ដិភាព នារសៀលថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥។

តាមដានជាមួយយើង៖ Million Times

លោកនាយកប្រតិបត្តិ បានគូសបញ្ជាក់ថា កម្ពុជាគឺជាប្រទេសដ៏មានសក្តានុពលសម្រាប់ការវិនិយោគលើវិស័យអាកាសចរណ៍។​ លោកជឿជាក់ថា តាមរយៈការសាងសង់អាកាសយានដ្ឋានចំនួនបី នៅរាជធានីភ្នំពេញ ខេត្តសៀមរាប និងខេត្តព្រះសីហនុ ចំនួនអ្នកធ្វើដំណើរ និង ភ្ញៀវទេសចរ មកកាន់កម្ពុជានឹងកើនឡើងជាលំដាប់ នាពេលខាងមុខ។ ទន្ទឹមនោះ លោកបានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនក្នុងការតភ្ជាប់អ្នកដំណើរ និងភ្ញៀវទេសចរមកកាន់ប្រទេសកម្ពុជា ឱ្យកាន់តែច្រើនបន្ថែមទៀតផងដែរ។ 

ជាការឆ្លើយតប សម្ដេច ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ការវិនិយោគរបស់ក្រុមហ៊ុន AirAsia បានចូលរួមចំណែកនៅក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា ជាពិសេសលើវិស័យទេសចរណ៍។ សម្ដេចក៏បានគូសបញ្ជាក់អំពីការដាក់ចេញនូវយន្តការ និងវិធានការចាំបាច់នានារបស់រាជរដ្ឋាភិបាលកម្ពុជាដើម្បីគាំទ្រ និងលើកទឹកចិត្តដល់ក្រុមហ៊ុនអាកាសចរណ៍ និងក្រុមហ៊ុនភ្នាក់ងារទេសចរណ៍ ដែលមានប្រតិបត្តិការនៅកម្ពុជា។ 

ជាមួយគ្នានេះ សម្ដេចបានលើកទឹកចិត្តឱ្យក្រុមហ៊ុន AirAsia ចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការជំរុញការអភិវឌ្ឍវិស័យទេសចរណ៍នៅកម្ពុជា៕

អត្ថបទ៖ ពិសិដ្ឋ រូបភាព៖ ក្រុមព័ត៌មានសម្តេចធិបតី