មនុស្សកំពូលលុយមានបំផុតនៅវៀតណាម ប្រកាសផែនការវិនិយោគ ៤ពាន់លានដុល្លារ សាងសង់រថភ្លើងក្រោមដី

ក្រុមហ៊ុន Vingroup របស់មហាសេដ្ឋីមានបំផុតប្រចាំប្រទេសវៀតណាម Pham Nhat Vuong បានប្រកាសពីផែនការវិនិយោគតម្លៃ ៤ពាន់លានដុល្លារ សម្រាប់ការសាងសង់ផ្លូវរថភ្លើងក្រោមដី តភ្ជាប់ពីសង្កាត់ទី៧ ទៅកាន់សង្កាត់ Can Gio ក្នុងទីក្រុងហូជីមិញ ដើម្បីជំរុញហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូននៅក្នុងទីក្រុង។ នេះបើតាមការចុះផ្សាយពីទីភ្នាក់ងារព័ត៌មាន VNExpress។

តាមដានជាមួយយើង៖ Million Times

តាមរយៈឯកសារដែលបានដាក់ទៅកាន់គណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញ និងនាយកដ្ឋានដឹកជញ្ជូន ផែនការវិនិយោគរបស់មនុស្សកំពូលលុយវៀតណាម នឹងសង់ផ្លូវរថភ្លើងក្រោមដី មានប្រវែង ៤៨,៥គីឡូម៉ែត្រ តភ្ជាប់ពីវិធី Nguyen Van Linh ក្នុងសង្កាត់ទី៧ ដ៏អ៊ូអរ ទៅកាន់ឆ្នេរសមុទ្រក្នុងសង្កាត់ Can Gio ដែលជាតំបន់ទេសចរណ៍មានសក្ដានុពល។

គម្រោងការណ៍មួយនេះ ត្រូវបានរំពឹងថានឹងចាប់ផ្ដើមសាងសង់នៅឆ្នាំ២០២៦ នឹងបញ្ចប់ក្នុងឆ្នាំ២០២៨ ជាមួយដើមទុន ១០២,៣៧ទ្រីលានដុង ឬប្រហែល ៤,០៩ពាន់លានដុល្លារ។

ពេលផ្លូវរថភ្លើងក្រោមដីមួយខ្សែនេះដាក់ឲ្យដំណើរការ ក្រុមហ៊ុន Vingroup អះអាងថា នឹងមានអ្នកធ្វើដំណើរជាមធ្យម ៤០ ០០០នាក់ក្នុងមួយម៉ោង តាមរយៈផ្លូវរថភ្លើងមួយខ្សែនេះ៕

អត្ថបទ៖ Luffy រូបភាព៖ VOZ