ប្រទេសចំនួន៨ ប្រឈមភាពរាំងស្ទះការព្យាបាលជម្ងឺអេដស៍ ក្រោយអាមេរិកផ្ដាច់ជំនួយ USAID

អង្គការសុខភាពពិភពលោក (WHO) បាននិយាយថា បន្ទាប់ពីរដ្ឋបាលប្រធានាធិបតីអាមេរិក Donald Trump ប្រកាសផ្អាកផ្គត់ផ្គង់ជំនួយ USAID ប្រទេសចំនួន៨ កំពុងប្រឈមជាមួយហានិភ័យ នៃការកកស្ទះការព្យាបាល​ជម្ងឺ​អេដស៍ ខណៈថ្នាំសម្រាប់ព្យាបាល ក៏កំពុងជិតអស់ដូចគ្នា។ នេះបើតាមការចុះផ្សាយពីទីភ្នាក់ងារព័ត៌មាន Reuters។

តាមដានជាមួយយើង៖ Million Times

ទីភ្នាក់ងារសុខភាពពិភពលោកបានអះអាងថា ប្រទេសទាំង៨នោះ រួមមានប្រទេសហៃទី កេនយ៉ា ឡេសូតូ ស៊ូដង់ខាងត្បូង ប៊ូគីណាហ្វាសូ ម៉ាលី នីហ្សេរីយ៉ា និងអ៊ុយក្រែន ដែលប្រឈមនឹងការអស់ថ្នាំសង្កូវ សម្រាប់ព្យាបាល​ជម្ងឺ​អេដស៍។

អគ្គនាយក WHO លោក Tedros Adhanom Ghebreyesus បាននិយាយថា ការកាត់ផ្ដាច់ជំនួយ USAID នឹងធ្វើឲ្យមានការកកស្ទះនូវសង្វាក់ព្យាបាលជម្ងឺអេដស៍ រហូតដល់ ២០ឆ្នាំ ហើយនឹងបណ្ដាលឲ្យមានកំណើនជម្ងឺអេដស៍ជាសកល រហូតដល់ ១០លានករណី និងមានអត្រាមរណភាពកើនដល់ ៣លានករណី ទាក់ទងនឹងជម្ងឺអេដស៍។

អគ្គនាយក WHO បានបញ្ជាក់ទៀតថា ក្រៅពីជម្ងឺអេដស៍ ក៏នៅមានការព្យាបាលជម្ងឺច្រើនទៀត ដែលរងនូវផលប៉ះពាល់ ពីការកាត់ផ្ដាច់ជំនួយ USAID ក្រោមការបញ្ជាពីប្រធានាធិបតី Donald Trump ដែលក្នុងនោះមានដូចជា ជម្ងឺប៉ូលីយ៉ូ ជំងឺគ្រុនចាញ់ និងជំងឺរបេងជាដើម។

សូមជម្រាបដែរថា ក្រោយមេដឹកនាំអាមេរិក Donald Trump ប្រកាសផ្អាកនូវជំនួយ USAID ដោយគ្មានការកំណត់ពេលវេលា អង្គការសុខភាពពិភពលោក បានអះអាងថា ក្នុងឆ្នាំសារពើព័ន្ធ ២០២៦-២០២៧ នឹងត្រូវកាត់បន្ថយការចំណាយចន្លោះពី ៨៧២លានដុល្លារ ទៅ ១,២ពាន់លានដុល្លារ សម្រាប់ប្រតិបត្តិការសង្គ្រោះបន្ទាន់ទូទាំងសកលលោក៕

អត្ថបទ៖ Luffy រូបភាព៖ AP