តាមរយៈវីដេអូខ្លីដែលមន្ទីររ៉ែ និងថាមពលខេត្តពោធិ៍សាត់ផ្សព្វផ្សាយ លោក កែវ រតនៈ បានព្រមានទៅកាន់អ្នកដែលយកតួនាទីជាមន្ដ្រីរាជរដ្ឋាភិបាល និងមន្ដ្រីគណបក្សប្រជាជនកម្ពុជា ប្រើប្រាស់ដើម្បីរកស៊ីគេមិនបង់ពន្ធ និងបន្លំសួយសារចំណូលដែលត្រូវបង់ជូនរដ្ឋ ចំពោះអាជីវកម្មខ្សាច់ និងថ្ម។
លោក កែវ រតនៈ រដ្ឋមន្ដ្រីក្រសួងរ៉ែ និងថាមពល បានណែនាំទៅអគ្គនាយកដ្ឋានចំណុះឱ្យក្រសួងរ៉ែ ចំពោះការបន្លំសួយសារ អាជីវកម្មខ្សាច់ និងថ្ម គឺមិនឲ្យមានដាច់ខាត រាប់ទាំងប្រតិបត្ដិការរបស់មន្ដ្រីរបស់គណបក្ស។


លោកបានមានប្រសាសន៍ធ្ងន់ៗថា៖ «ខ្ញុំបានដាក់គោលដៅហើយ យើងគ្មានត្រូវការយកអ្វី ដែលជាអ្វីដែលមិនត្រូវយកនោះទេ ប៉ុន្ដែអ្វីត្រូវយកឲ្យជាតិមួយសេន ក៏មិនត្រូវបាត់ដែរ រាប់ទាំងប្រតិបត្ដិការ របស់មន្ដ្រីរបស់គណបក្សផងដែរ»។
«មន្ដ្រីមួយចំនួនបង្កើតអាជីវកម្មខ្សាច់ ខ្ញុំបានណែនាំទៅអគ្គនាយកដ្ឋានហើយ គឺបន្លំសួយសារ អត់ឲ្យមានដាច់ខាត បើរកស៊ីបង់ពន្ធបង់សួយសារ ដូចគេដែរ ហើយលើកទឹកចិត្ដឲ្យអាជីវករដែលរកស៊ីផ្នែកខ្សាច់ ផ្នែកថ្ម ផ្នែកអីដូចគ្នា ផ្ដល់មកក្រសួងរ៉ែ និងថាមពលតាមរយៈ Hotline របស់អគ្គនាយកដ្ឋានធនធានរ៉ែ ០៩៥ ៧២៧ ៧២៧»។ លោករដ្ឋមន្រ្តីបញ្ជាក់បន្ថែម។
លោកថ្លែងបន្ថែមទៀតថា «បើសិនជាមានអ្នកណាមួយ ដែលយកក្របខ័ណ្ឌគណបក្សប្រជាជន ទៅប្រើប្រាស់យកក្របខ័ណ្ឌតួនាទីរាជរដ្ឋាភិបាលទៅប្រើប្រាស់ ហើយមិនធ្វើអាជីវកម្មស្របច្បាប់នឹងគេ បង់នឹងគេ ឲ្យស្មើភាពគ្នាអាចប្ដឹងមកក្រសួងជាសម្ងាត់ យើងរក្សាការសម្ងាត់នឹងឲ្យ យើងចាត់ការអ្នកដែលមិនធ្វើតាមច្បាប់»៕
អត្ថបទ៖ ពិសិដ្ឋ រូបភាព៖ ផេកលោក កែវ រតនៈ